កីឡា

ប្រតិភូ គូ្របង្វឹក និងអត្តពលិក១២នាក់ ចូលរូមព្រឹត្តិការណ៍ ការប្រកួតជើង ឯកប៉េតង់ ពិភពលោក នៅ អេស្ប៉ាញនាខែនេះ

ភ្នំពេញ ៖ សហព័ន្ធកីឡា ប៉េតង់ និងប៊ូលកម្ពុជា នឹងបញ្ជូនគណៈប្រតិភូ គូ្របង្វឹក និងកីឡាករ-កីឡាការិនី ចំនួន១២នាក់ ទៅចូលរូមព្រឹត្តិការណ៍ ការប្រកួតជើងឯកប៉េតង់ ពិភពលោក “The 2021 World Triplets Precisions Shooting Championships ” នឹងមានការ រៀបចំឡើងចំនួន ៣ជើងឯកពិភពលោក ចូលគ្នាតែម្តងនៅទីក្រុង Santa ប្រទេសអេស្ប៉ាញ ដែលប្រព្រឹត្តថ្ងៃទី១២ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ។

លោក អ៊ឹម ផាត គ្រូបង្វឹកបុរស បានប្រាប់ឲ្យដឹងថា ការប្រកួតប្រទេសអេស្ប៉ាញ បែកចែកចេញជា ៣ព្រឹត្តិការណ៍ គឺនារី បុរស និងយុវជន ចំណែកកម្ពុជាយើងត្រៀម នឹងបញ្ជូនតែប្រភេទ ២ទេ គឺបុរស និងនារី លើក២វិញ្ញាសា ៣ទល់៣ និងវាយយកពិន្ទុ ក្រោមការដឹកនាំដោយលោក សុខ សប្បាយណា ជាប្រធានប្រតិភូ និងលោក អ៊ិន គឹមស្រ៊ិន អនុប្រធានប្រតិភូ ។

លោកគ្រូបង្វឹកបន្តថា ចំពោះកីឡាករមាន ចំនួន៤នាក់គឺកីឡាករ រួមមានកីឡាករ សុខ ចាន់មាន កីឡាករ ថោង ឈឿន កីឡាករ ញ៉ែម បូរ៉ា និងកីឡាករ ស៊ីន វង។ ចំពោះបុរសប្រកួតលើ២វិញ្ញសា គឺ៣នាក់ទល់៣នាក់ គឺកីឡាករ សុខ ចាន់មាន កីឡាករ ថោង ឈឿន កីឡាករ ញ៉ែម បូរ៉ា និងកីឡាករ ស៊ីន វង ហើយវិញ្ញាសាវាយយកពិន្ទុ គឺកីឡាករ សុខ ចាន់មាន ដោយសារកីឡាករ សុខ ចាន់មាន ជាអតីតម្ចាស់មេដាយមាសពិភពលោកកាលពីឆ្នាំ២០១៦ លើវិញ្ញសាវាយយកពិន្ទុ ។

លោក សុខ ម៉ុង គ្រូបង្វឹកនារីក៏បានប្រាប់ឲ្យដឹងថា កីឡាការិនីមានចំនួន៤នាក់ គឺកីឡាការិនីរួម មានកីឡាការិនី អ៊ុក ស្រីមុំ កីឡាការិនី អ៊ុន ស្រីយ៉ា កីឡាការិនី ស្រ៊ាង សុរ៉ាឃីម និងកីឡាការិនី ឃួន យ៉ារី ។ ចំពោះនារីប្រកួតលើ២វិញ្ញសាគឺ៣ នាក់ទល់៣នាក់ គឺកីឡាការិនី អ៊ុក ស្រីមុំ កីឡាការិនី អ៊ុន ស្រីយ៉ា កីឡាការិនី ស្រ៊ាង សុរ៉ាឃីម និងកីឡាការិនី ឃួន យ៉ារី ហើយ កីឡាការិនី អ៊ុក ស្រីមុំ ជាអតីតម្ចាស់មេដាយមាស ពិភពលោក លើវិញ្ញសានារី១ នាក់ ទល់១នាក់ ។

បញ្ជាក់៖កម្ពុជាដណ្តើម បានមេដាយមាស កម្រិតពិភពលោកជាច្រើនគ្រឿង មកហើយដូចជាវិរកីឡាការិនី កែ ឡេង ម្ចាស់មេដាយមាសពិភពលោក៣ជំនាន់ កីឡាការិនី អ៊ុក ស្រីមុំ ម្ចាស់មេដាយមាសពិភពលោក កីឡាករ សុខ ចាន់មាន ម្ចាស់មេដាយមាសពិភពលោក វិញ្ញាសានារី ៣នាក់ទល់៣នាក់ ម្ចាស់មេដាយសំរិទ្ធ នៅប្រទេសចិន វិញ្ញាសាចម្រុះបុរស និងនារី ម្ចាស់មេដាយប្រាក់គឺកីឡាករ ញ៉ែម បូរ៉ា និងកីឡាការិនី ស្រ៊ាង សុរ៉ាឃីម និងវិញ្ញាសាបុរស៣នាក់ ទល់៣នាក់ធ្លាប់ឡើង៨ក្រុម ៕ដោយ៖លី ភីលីព

Most Popular

To Top