ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុនសែនប្រកាសអនុញ្ញាត បើកឲ្យដំណើរការទូទាំងប្រទេស លើគ្រប់វិស័យឡើងវិញ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ សហព័ន្ធខ្មែរកីឡាហែលទឹក គ្រោងនឹងរៀបចំការប្រកួតកីឡា ហែលទឹកទីឆ្ងាយជ្រើសរើស ជើងឯក (Open Water) នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិ មរតកតេជោ រាជធានីភ្នំពេញ ។
លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក បានប្រាប់ឲ្យដឹងថា បន្ទាប់ពីមានការអនុញ្ញាត បើកប្រទេសឡើងវិញ ពីរាជរដ្ឋាភិបាល ព្រមទាំងទទួល បានការអនុញ្ញាត ជាគោលការណ៍ពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរ កីឡាហែលទឹកផងនោះ គឺយើងនឹងរៀបចំការ ប្រកួតហែលទឹកទីឆ្ងាយ បុរស-នារី លើ២វិញ្ញាសា ប៉ុន្តែមិនបើកទូលាយទេ ដោយសហព័ន្ធអនុវត្ត តាមវិធានការ សុខាភិបាលដដែល ។
ការប្រកួតខាងលើកនេះ មិនមែនជាការប្រកួតបិទខ្ចប់ឡើយ គឺជាការប្រកួត ដែលផ្តល់ឳកាសឲ្យកីឡាករ ជម្រើសជាតិកម្ពុជា តែប៉ុណ្ណោះ ដោយសារការបិទខ្ចប់ កន្លងមកពួកគាត់មិនទាន់ បានប្រកួតដែរ ហើយក៏ជាការ ផ្សព្វផ្សាយ ប្រភេទកីឡាកីឡា ហែលទឹកទីឆ្ងាយ (Open Water) ដើម្បីបំផុសឲ្យដល់មហាជន និងជាការផ្សព្វផ្សាយ ពីសកម្មភាពរបស់សហព័ន្ធ ទៅសហព័ន្ធហែលទឹក អន្តរជាតិ (FINA) ។
លោកបានបន្តថា វិញ្ញាសា ដែលនឹង ដាក់ឲ្យប្រកួត គឺសម្រាប់កីឡាការិនី ៣០០០ម៉ែត្រ និងសម្រាប់កីឡាករ ៥០០០ម៉ែត្រ ខណៈប្រភេទវិញ្ញាសាហែល ទីឆ្ងាយនេះ ជាទូទៅ គេរៀបចំការ ប្រកួតនៅតាមបឹង ទន្លេ ឬសមុទ្រ ប៉ុន្តែដោយសារតែវិបត្តិជំងឺ COVID-19 ទើបសហព័ន្ធសម្រេច រៀបចំការ ប្រកួត នៅអាងហែលទឹកជំនួសវិញ ។ ម្យ៉ាងទៀតការប្រកួតនេះអនុញ្ញាត ឲ្យតែកីឡាករកីឡាការិនីជម្រើសជាតិ ដែលហ្វឹកហាត់បិទខ្ទប់ នៅទីនោះប៉ុណ្ណោះ ។ នៅពេលខាងមុខ សហព័ន្ធនឹង ព្យាយាមរៀបចំការប្រកួតលើវិញ្ញាសា នេះតាមស្តង់ដារអន្តរជាតិ ។
តាមពិតទៅវិញ្ញាសាហែលទឹកទីឆ្ងាយនេះ សហព័ន្ធធ្លាប់បានរៀបចំការ ប្រកួតក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ បានចំនួន ៣លើករួចមកហើយ ដូចជានៅក្នុងកម្មវិធីបុណ្យសមុទ្រ នៅខេត្តកោះកុង និងបុណ្យសមុទ្រ នៅខេត្តព្រះសីហនុ និងនៅក្នុងពិធីបុណ្យទន្លេ នៅទីក្រុងតាខ្មៅ ខេត្តកណ្តាល ។ សហព័ន្ធគ្រោង នឹងរៀបចំហែលទីឆ្ងាយនេះ ត្រឹម៥គីឡូម៉ែត្រ (បុរស) សិន ហើយនាពេលខាងមុខ នឹងព្យាយាមឲ្យបានច្រើន គីឡូម៉ែត្របន្ថែម ពីព្រោះកម្រិតការប្រកួតស្តង់ដារ អន្តរជាតិ នេះ មានរហូតដល់១០គីឡូម៉ែត្រ ។
លោក ហែម គីរី សង្កត់ធ្ងន់ថា ប្រភេទវិញ្ញាសា Open Water នេះមិនទាន់ផ្តោតសំខាន់ ឬកំណត់ថាមាន ឬអត់ សម្រាប់ការទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅឡើយទេ ដោយយើងចង់បង្កើត ឲ្យមានធនធានឲ្យ បានច្រើនលើវិញ្ញាសានេះ សម្រាប់ការប្រកួត ស៊ីហ្គេម ក្រោយឆ្នាំ២០២៣ ឬការប្រកួតអន្តរជាតិ នាពេលខាងមុខ ៕ដោយ៖លី ភីលីព