ភ្នំពេញ៖ កាលពីពេលថ្មីៗនេះលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំកីឡាSEA GAMES ២០២៣ បានដឹកនាំមន្ត្រី និងក្រុមហ៊ុនCellcard បានចុះសួរសុខទុក្ខ ព្រមទាំងពិនិត្យមើល ទីកន្លែងហ្វឹកហាត់ កន្លែងស្នាក់នៅ និងកន្លែងហូបចុក របស់ក្រុមជម្រើសជាតិ កីឡាប្រដាល់គុនខ្មែរ នៅមជ្ឃមណ្ឌលកីឡា កងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ដើម្បីត្រៀមការប្រកួតកីឡាSEA GAMES លើកទី៣១ នៅប្រទេសវៀតណាម និងត្រៀមធ្វីជាម្ចាស់ផ្ទះលើកទី៣២ នៅឆ្នាំ២០២៣ ។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ តាមប្រព័ន្ធអនឡាញថា កន្លែងហ្វឹកហាត់នៅមជ្ឃមណ្ឌលកីឡា កងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ជាទីតាំងដ៏ល្អប្រសើរសម្រាប់ហ្វឹកហាត់ របស់ក្រុមជម្រើសជាតិ កីឡាប្រដាល់គុនខ្មែរ និងកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា ទំាងការស្នាក់នៅ និងអនាម័យ លោកមិនអាចប្រៀបធៀប ល្អជាងខាងនេះខាងនោះបានឡើយ។ រីឯទីលានហ្វឹកហាត់វាសមរម្យ សម្រាប់ប្រភេទកីឡា ប្រដាល់គុនខ្មែរយើងណាស់ ហើយលោកកំពុងតែជំរុញ នឹងនាំគ្រូបង្វឹកជនជាតិចិន មានទេពកោសល្យ និងបទពិសោធន៍ល្អមកជួបកីឡា ប្រដាល់ឃីកបុកស៊ីងកម្ពុជា។
លោកអគ្គលេធិការបានបន្តថា គ្រូបង្វឹកជនជាតិចិន នឹងជួយបណ្តុះបណ្តាលដល់គ្រូបង្វឹក និងកីកីឡាករ-កីឡាការិនីកីឡាប្រដាល់ ឃីកបុកស៊ីងកម្ពុជា នូវបច្ចេកទេស និងបទបញ្ជការប្រកួត ឲ្យកាន់តែច្បាស់លាស់ ពីព្រោះប្រភេទកីឡា ប្រដាល់ឃីកបុកស៊ីងកម្ពុជាថ្មីតែម្តង ដូច្នេះយើងត្រូវខិតខំធ្វើយ៉ាងណាឲ្យរៀបចំ និងការហ្វឹកហាត់មានគុណភាពល្អ មុខការប្រកួតកីឡាSEA GAMES 2021-២០២៣មកដល់។

លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក៏បានមានប្រសាសន៍ថា តំាងនាមសហព័ន្ធកីឡាប្រដាល់ គុនខ្មែរសប្បាយចិត្ត បន្ទាប់ពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំកីឡាSEA GAMES ២០២៣ បានដឹកនាំមន្ត្រីចុះពិនិត្យ ទីលានហ្វឹកហាត់របស់កីឡាករ កីឡាប្រដាល់គុនខ្មែរ ដោយលោកបានសរសើរទីកន្លែងហ្វឹកហាត់ កន្លែងស្នាក់នៅ និងកន្លែងហូបចុកប្រកបដោយ អនាម័យខ្ពស់ និងល្អប្រសើរ៕ ដោយ៖លី ភីលីព


