ភ្នំពេញ ៖ ការប្រកួតកីឡាទោចក្រយាន (កង់) ជ្រើសរើសជើងឯក ថ្នាក់ជាតិ ដែលគ្រោងធ្វើឡើង នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តសៀមរាប គឺជាកំណត់គោលដៅ ក្នុងការវាស់ស្ទង់ការរៀបចំប្រភេទ កីឡានេះ ឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍ការ ប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ ។
លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាទោចក្រយានកម្ពុជា បាននិយាយឲ្យដឹង ថា ចំពោះការបែង ចែកជា២ ទីតាំងគឺកង់គួក និងកង់ភ្នំ នៅខេត្តសៀមរាបនេះ គឺការវាស់ស្ទង់ នៃគម្រោងដំណើរឆ្ពោះ ទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ ដោយហេដ្ឋា រចនាសម្ព័ន្ធ ផ្លូវថ្នល់ នៅខេត្តសៀមរាប អំណោយផលខ្លាំង ដល់ការប្រកួត SEA GAMES 2023 ហើយសហព័ន្ធ បាន កំណត់គោលដៅ ខេត្តសៀមរាប គឺជាជម្រើសទី១ ក្នុងចំណោមខេត្តសក្តានុពល មួយចំនួនទៀត នៃការប្រកួតកង់គួក-កង់ភ្នំ ក្នុង SEA GAMES 2023 ។
សម្រាប់ពីរទីតាំងនេះ រួមមានសម្រាប់ប្រភេទកង់គួក ត្រូវប្រកួតនៅពេលព្រឹក ដោយត្រូវចេញដំណើរ-ដល់ទី នៅម្តុំព្រះអង្គចេកព្រះអង្គចម ដោយជិះចូល ទៅតំបន់អង្គរ ខណៈប្រភេទកង់ភ្នំ នឹងត្រូវប្រកួត នៅតំបន់ភ្នំគូលែន ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយនៅតំបន់នោះ គឺជាកន្លែង ហ្វឹកហាត់បិទខ្ទប់របស់ក្រុមកីឡាករ កីឡាការិនិជម្រើសជាតិ ទោចក្រយាន។ ២ទីតាំងនេះត្រូវបានកំណត់ ជាគោលដៅអាទិភាពទី១ សម្រាប់រៀប ចំទទួលធ្វើម្ចាស់ផ្ទះ SEA GAMES 2023 ។
សហព័ន្ធនឹងបន្តការអនុវត្ត សម្រាប់ការហ្វឹកហាត់ របស់ក្រុមជម្រើសជាតិ ក៏ដូចជាការប្រកួត នាខែក្រោយនេះ តាមគន្លងថ្មី នៃវិបត្តិមេរោគ COVID-19 ។ ជាមួយគ្នានោះ សហព័ន្ធក៏ត្រៀមបើកវគ្គបណ្តុះបណ្តាល ដល់គ្រូបង្វឹក និងសម្រាប់មន្ត្រីបច្ចេកទេស ជាច្រើនវគ្គទៀត ។ គោលដៅរួមទាំងនេះ គឺដើម្បីត្រៀម ចូលរួមប្រកួតកីឡា SEA GAMES 202១ លើកទី៣១ នៅប្រទេស វៀតណាម នាខែឧសភា ឆ្នាំ២០២២ ក៏ដូច ជាការសម្រួច គោលដៅឆ្ពោះ ទៅទទួលធ្វើម្ចាស់ ផ្ទះ SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ ៕ដោយ៖លី ភីលីព