កីឡា

សហព័ន្ធប្រដាល់សកល កម្ពុជា ប្រកាសតែងតាំង លោក ស៊ន អេលីត ក្លាយជាគ្រូបង្វឹកជម្រើសជាតិ សម្រាប់ SEA GAMES 2021-2023

ភ្នំពេញ ៖ គុណសម្បត្តិ ចំនួន៣ បានធ្វើឲ្យសហព័ន្ធប្រដាល់សកលកម្ពុជា សម្រេចយ៉ាងធំធេង ដោយតែង តាំងលោក ស៊ន អេលីត ជាគ្រូបង្វឹក ប្រដាល់ក្លិបនាយកដ្ឋាន អង្គរក្ស ជាគ្រូបង្វឹកប្រដាល់សកលជម្រើសជាតិ សម្រាប់ព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅប្រទេសវៀតណាម និងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ។

លោក ប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានប្រាប់ឲ្យដឹងថា ការសម្រេចជ្រើសរើសលោក អេលីត ជាគ្រូជម្រើសជាតិ ដោយសារតែលោកមានបទ ពិសោធន៍ក្នុងការបង្វឹកកីឡាករ ក៏ជាអតីត ជម្រើសជាតិ ប្រដាល់សកល ហេតុនេះលោក យល់ដឹងច្រើន ពីយុទ្ធសាស្រ្ត ហ្វឹកហាត់សកល និងមានឆន្ទៈក្នុងការជំរុញ អភិវឌ្ឍន៍ហើយ លោកជាមនុស្សម្នាក់ មានកេរ្តិ៍ ឈ្មោះល្អ ក្នុងវិស័យប្រដាល់ ហេតុនេះលោកអេលីត នឹងជួយជំរុញឲ្យប្រដាល់ សកលកម្ពុជា កាន់តែមានប្រជាប្រិយភាព បន្ថែម ។

មុននឹងក្លាយជាគ្រូបង្វឹកជម្រើសជាតិ លោក អេលីត ធ្លាប់ជាអតីតកីឡាករជម្រើសជាតិ កីឡាប្រដាល់សកលជម្រើសជាតិ កីឡាតេក្វាន់ដូ និងជាអតីតជម្រើសជាតិ កីឡាករវ៉ូវីណាមផងដែរ ។ ក្រោយពីលោកបានលាឈប់ ពីអាជីពជាកីឡាករ ក៏ងាកមកធ្វើជាគ្រូបង្វឹក គុនខ្មែរ ដោយគ្រប់គ្រង ក្លឹបប្រដាល់ឆ្មាសរសែនសុខ មុនគេរួចប្តូរទៅជាក្លឹបប៉ែនកាក់ គុនខ្មែរ និងបន្តទៅគ្រប់គ្រងក្លឹបប្រដាល់គុនខ្មែរ នាយកដ្ឋានអង្គរក្ស រហូតមកដល់បច្ចុប្បន្ន ។

ក្នុងតំណែងជាគ្រូបង្វឹក ក្រុមជម្រើសជាតិ លោក ស៊ន អេលីត បានប្តេជ្ញាថា នឹងចូលរួមសហការជាមួយ សហព័ន្ធកីឡាប្រដាល់សកល និងធ្វើយ៉ាងណា ពង្រឹងគុណភាព កីឡាករ-កីឡាការិនីជម្រើសជាតិ និងពង្រីកធនធាន ប្រដាល់សកល ឲ្យកាន់តែច្រើន តាមរយៈការគៀគរ ក្លឹបប្រដាល់សកល មួយចំនួន ឲ្យមានសកម្មភាព បណ្តុះបណ្តាលឡើងវិញ និងបង្កើតឲ្យមានទីផ្សារ ប្រកួតសម្រាប់ពួកគេ និងជម្រើសជាតិ ៕ ដោយ៖លី ភីលីព

Most Popular

To Top