លោក Steven Gerrard ត្រូវបានក្លឹប Aston Villa តែងតាំងជាគ្រូបង្គោលថ្មីនៅក្នុងថ្ងៃនេះ។ នេះបើយោងតាមការចុះផ្សាយ របស់ក្លឹបផ្ទាល់ អម្បាញ់មិញនេះ។
Gerrard មានបទពិសោធន៍ ដឹកនាំក្លឹបជិត៥ឆ្នាំហើយ ដោយលោកធ្លាប់ដឹកនាំក្រុមថ្នាល របស់ក្លឹប Liverpool ធ្លាប់ធ្វើជាអ្នកចាត់ការក្រុម U18 របស់ Liverpool ក្រុម UEFA U19 របស់ Liverpool ដដែលនេះ និងគ្រូបង្គោល Rangers កន្លងមកនេះ។
នៅខណៈនេះខាង Aston Villa មិនទាន់បញ្ជាក់ពីរយៈពេលកុងត្រា ដែលព្រមព្រៀងជាមួយ Gerrard ឲ្យមកដឹកនាំក្លឹបរបស់ខ្លួននៅឡើយទេ ដោយគ្រាន់តែប្រកាសជាផ្លូវការថា អតីតគ្រូបង្គោលក្លឹប Ranger រូបនេះនឹងដឹកនាំក្លឹបបន្តពីលោក Dean Smith ដែលត្រូវបានបញ្ចប់តំណែង កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ។
ប៉ុន្តែបើយោងតាម Transfermarket ខាងក្លឹបនេះ និង Gerrard បានព្រមព្រៀងចុះកុងត្រា ជាមួយគ្នារយៈពេលជិត ៤ឆ្នាំ ចាប់ពីថ្ងៃទីនេះ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥៕ Source: Sabay