ភ្នំពេញ៖ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ម្ចាស់មេដាយកម្រិតពិភពលោកកីឡាការិនី អ៊ុក ស្រីមុំ បានវិលត្រឡប់មកដល់កម្ពុជាវិញហើយ ដោយមានការអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅនៅប្រលានយន្តហោះភ្នំពេញអន្តរជាតិពីសំណាក់លោក ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា លោក អ៊ុក សិទ្ធជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិក និងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា SEA GAMES 2023 និងលោក តែម ម៉ឺន នាយករងមជ្ឈមណ្ឌលកីឡា កងយោធពលខេមរភូមិន្ទតំណាងឲ្យក្រសួងការពារជាតិ។

កីឡាការិនី អ៊ុក ស្រីមុំ ដែលជាម្ចាស់មេដាយមាស១គ្រឿងលើវិញ្ញាសាវាយយកពិន្ទុ ពីការប្រកួតជើងឯកពិភពលោក នៅប្រទេសអេស្ប៉ាញ ពីថ្ងៃទី១២-១៤ ខែវិច្ឆិកា បានធ្វើដំណើរវិលត្រឡប់មកដល់មាតុប្រទេសវិញហើយ នៅល្ងាចថ្ងៃអង្គារទី១៦វិច្ឆិកា ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីស្ថាប័នពាក់ព័ន្ ធកីឡាជាពិសេសទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ដោយរៀបចំក្បួនដង្ហែរអមដោយ ម៉ូតូកិត្តិយសយ៉ាងអធិកអធម។ កីឡាការិនីប៉េតង់៣រូបផ្សេងទៀត និងគ្រូបង្វឹកគឺលោកសុខ ម៉ុងក៏ត្រូវបានរាជរដ្ឋាភិបាលលើកទឹកចិត្តរៀបចំ ក្បួនដង្ហែអមដោយម៉ូតូកិត្តិយសពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមមហាវិថីសហព័ន្ធរុស្ស៊ីព្រះនរោត្តមវង់មួយជុំវិមានឯករាជ្យហើយ ចុងក្រោយចូលទីស្តីការក្រសួងអប់រំ យុវជន និងកីឡាឯកឧត្តមបណ្ឌិតសភាចារ្យហង់ជួនណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡារង់ចាំស្វាគមន៍នៅទូនោះជាស្រេច។

លោករដ្ឋមន្ត្រីបានចាត់ទុកថា នេះជាមោទនភាពរបស់កម្ពុជាដែលកីឡាការិនីប៉េតង់ អ៊ុក ស្រីមុំ បានប្រឹងប្រែងប្រកួតរហូតដល់ដណ្តើមមេដាយមាស១គ្រឿង យកមកជូនជាតិ។ ក្រសួងអប់រំ យុវជន និងកីឡានឹងរៀបចំស្នើសុំការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីផ្តល់ការលើកទឹកចិត្តប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តជូនម្ចាស់ជយលាភីមេដាយមាស កីឡាការិនី អ៊ុក ស្រីមុំ នាពេលខាងមុខ។

កីឡាការិនីអ៊ុក ស្រីមុំបានចាត់ទុកថា ជ័យជម្នះនេះនេះ កើតចេញពីការខិតខំរបស់រូបនាង និងក្រោមការលើកទឹកចិត្តពីលោកគ្រូ ប្រតិភូដឹកនាំ ព្រមទាំងកីឡាការិនី២រូបទៀត ដែលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះជាមួយគ្នា។ ព្រឹត្តិការណ៍នេះ កម្ពុជាបានបញ្ជូនកីឡាការិនី៤រូប ដោយក្រៅពីវិញ្ញាសាវាយយកពិន្ទុ ដោយកីឡាការិនី អ៊ុក ស្រីមុំ ឈ្នះមេដាយមាស គឺកីឡាការិនីទាំងអស់ បានប្រកួតលើវិញ្ញាសា ៣នាក់ទល់៣នាក់ ប៉ុន្តែមិនដណ្តើមបានមេដាយនោះទេ ដោយធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីប្រកួតចាញ់ក្រុមជម្រើសជាតិទុយណេស៊ី។

កីឡាការិនី អ៊ុក ស្រីមុំ ធ្លាប់ឈ្នះមេដាយមាស១គ្រឿង ពីការប្រកួតជើងឯកពិភពលោក កាលពីឆ្នាំ២០១៧ នៅប្រទេសប៊ែលហ្ស៊ិក។ មេដាយមាស ឆ្នាំ២០២១គឺជាមេដាយមាសទី៥ របស់កម្ពុជាលើវិញ្ញាសាវាយយកពិន្ទុបន្ទាប់ពីមេដាយមាស៤ ជំនាន់ជាប់ៗគ្នារបស់វីរកីឡាការិនី កែ ឡេង ដែលបានឈ្នះ ក្នុងឆ្នាំ២០១៣ នៅបារំាង ឆ្នាំ២០១៥ នៅថៃ ឆ្នាំ២០១៧ នៅចិន និងឆ្នាំ២០១៩ ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ៕
ដោយ៖លី ភីលីព
