ភ្នំពេញ៖ ក្នុងឪកាសពិធីបិទវគ្គបណ្តុះបណ្តាល មន្ត្រីបច្ចេកទេសកីឡារាំ កាលពីល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោកស្រី ឆៃ ច័ន្ទរិទ្ធីសូលីដា រដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាប្រធានកិត្តិយស សហព័ន្ធកីឡារាំកម្ពុជា បានចាត់ទុកថា វគ្គសិក្សានេះ គឺជាសមិទ្ធផលថ្មីមួយ ក្នុងការបង្កើនការអភិវឌ្ឍវិស័យកីឡារាំកម្ពុជា ឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា sea games លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
លោកស្រី ឆៃ ច័ន្ទរិទ្ធីសូលីដា លើកឡើងទៀតថា វគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេសកីឡារាំនេះ មានគោលបំណងបញ្ជ្រាប ចំណេះដឹងបច្ចេកទេស ច្បាប់អន្តរជាតិ នៃវិស័យកីឡារាំអន្តរជាតិ ជូនដល់មន្ត្រីទាំងអស់ ដើម្បីពង្រឹងគុណភាព និងពង្រីកវិសាលភាពវិស័យកីឡារាំ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
«ខ្ញុំជឿជាក់ថា វគ្គបណ្តុះបណ្តាលនេះ មានគុណតម្លៃខ្ពស់ ក្រោមការចែករំលែកចំណេះដឹង ពីអ្នកជំនាញនៃសហព័ន្ធកីឡារាំអាស៊ី និងសហព័ន្ធកីឡារាំនៃបណ្តាប្រទេសឯទៀត ក្នុងអាស៊ី ដើម្បីបន្ថែមនូវគុណភាពបច្ចេកទេស ត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាsea games លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាជាប្រវត្តិសាស្ត្រ ជាលើកដំបូង របស់ព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ ខ្ញុំក៏មានសេចក្តីសង្ឃឹមថា ប្រភេទកីឡារាំកម្ពុជា នឹងអាចស្វែងរកមេដាយមាស ប្រាក់ និងសំរឹទ្ធ បន្ថែមទៀត ពីការប្រកួតអន្តរជាតិ យកមកជូនជាតិ ជាពិសេសគឺគោលដៅ ស៊ីហ្គេម ២លើកចំពោះមុខ គឺស៊ីហ្គេម លើកទី៣១ នាខែឧសភា ឆ្នាំ២០២២ នៅប្រទេសវៀតណាម និងស៊ីហ្គេម លើកទី៣២ នៅកម្ពុជាយើងតែម្តង»។
លោកស្រី ញ៉ែម មរកត អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងជាប្រធានសហព័ន្ធកីឡារាំកម្ពុជា បង្ហាញនូវក្តីរីករាយជាខ្លាំង ដែលគ្រប់សមាសភាពថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ និងកីឡាករ កីឡាការិនីរាំទាំងអស់ តែងតែបន្តនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជួយជ្រោងដល់វិស័យកីឡារាំកម្ពុជា កាន់តែរីកចម្រើនបន្ថែមទៀត។
ជាមួយគ្នានោះ លោកជំទាវប្រធានសហព័ន្ធ ក៏បានបង្ហាញនូវអំណរគុណ ចំពោះឪពុកម្តាយកុមារា កុមារី ដែលតែងតែជូនក្មួយៗទៅមក ក្នុងការចូលរួមហ្វឹកហាត់ ដែលនេះគឺជាចំណែកនៃទឹកចិត្តដ៏សំខាន់ ដើម្បីចូលរួមអភិវឌ្ឍវិស័យកីឡារាំរបស់កម្ពុជា កាន់តែដើរឆ្ពោះទៅមុខ ប្រកបដោយក្តីសង្ឃឹម។
«ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ជូនចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងស្ថាប័នកីឡាពាក់ព័ន្ធទាំងអស់ ដែលផ្តល់ការឧបត្ថម្ភគាំទ្រ ដល់វិស័យកីឡារាំកម្ពុជា។ អ្វីដែលកាន់តែពិសេស គឺសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល តែងតែផ្តល់ការប្រោសព្រះរាជទាន ព្រះរាជទ្រព្យគាំទ្រ ដល់ការប្រកួតកីឡារាំជើងឯកថ្នាក់ជាតិជានិច្ច ជារៀងរាល់ឆ្នាំ ដែលទំាងអស់នេះ គឺជាកម្លាំងចិត្ត ដល់យើងខ្ញុំទាំងអស់គ្នា ដើម្បីបំពេញបេសកកម្ម ក្នុងការអភិវឌ្ឍ និងស្វែងរកមេដាយយកមកជូនជាតិមាតុភូមិ»។
លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការ សហព័ន្ធកីឡារាំកម្ពុជា បានឲ្យដឹងថា វគ្គបណ្តុបណ្តាលនេះ មានសិក្ខាកាមចូលរួមចំនួន ៣០នាក់ (ប្រុស ១៥នាក់ និងស្រី ១៥នាក់) បានយកចិត្តទុកដាក់ និងទទួលនូវពុទ្ធិជំនាញបច្ចេកទេសល្អប្រសើរ និងការគោរពវិន័យបានល្អ ធ្វើឲ្យវគ្គសិក្សានេះ មានដំណើរការដោយរលូន ប្រកបដោយភាពកក់ក្តៅបំផុត។ ការរៀបចំវគ្គបណ្តុះបណ្តាល មន្រ្តីបច្ចេកទេសកីឡារាំនេះឡើង ដើម្បីអភិវឌ្ឍធនធានមន្រ្តីក្នុងសហព័ន្ធកីឡារាំកម្ពុជា ក្នុងការត្រៀមលក្ខណៈរៀបចំ ការប្រកួតកីឡារាំជើងឯកថ្នាក់ជាតិ នាខែធ្នូ ឆ្នាំ២០២១ ជាពិសេសគឺការប្រកួត ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ វគ្គនេះ បានដំណើរការក្រោមការគាំទ្រថវិកាជាតិ របស់ក្រសួងអប់រំ យុវជន និងកីឡា និងការចែករំលែកពីអគ្គលេខាធិការ សហព័ន្ធកីឡារាំអាស៊ី និងសហព័ន្ធកីឡារាំតៃវ៉ាន់។
អគ្គលេខាធិការរូបនេះបន្ថែមថា វគ្គបណ្តុះបណ្តាលនេះ មានសារសំខាន់ណាស់ ក្នុងការលើកម្ពស់សមត្ថភាព ធនធានមនុស្សលើផ្នែកមន្រ្តីបច្ចេកទេសកីឡារាំ រួមមានរចនាសម្ព័ន្ធអង្គការកីឡា ការរៀបចំសៀវភៅបច្ចេកទេសកីឡា រៀបចំយុទ្ធសាស្រ្ត ក្នុងនាមប្រទេសជាម្ចាស់ផ្ទះ រៀបចំផែនការក្នុងដំណាក់កាលត្រៀម ការគ្រប់គ្រងទីលានប្រកួត ការគ្រប់គ្រងការទទួលភ្ញៀវ ចៅក្រម និងការដាក់ពិន្ទុ ការគ្រប់គ្រងព្រឹត្តិការណ៍ប្រកួត ពិធីប្រគល់រង្វាន់ ការរៀបចំផែនការបន្ទាប់ពីប្រកួត ទម្លាប់ល្អទាំង៧របស់បុគ្គលឆ្នើម និងពិធីការ ដើម្បីយកទៅអនុវត្ត ប្រកបដោយប្រសិទ្ធភាព និងមានសមត្ថភាពខ្ពស់ ក្នុងការទៅចូលរួមរៀបចំ ការប្រកួតកីឡាជាលក្ខណៈជាតិ និងអន្តរជាតិ និងជាពិសេសសម្រាប់ត្រៀម ទទួលធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡា sea gamesនាឆ្នាំ២០២៣ តែម្តង៕ ដោយ:លី ភីលីព