ភ្នំពេញ៖ លោក វ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រាប់ឲ្យដឹងពីទីក្រុងឌូបៃប្រទេស អារ៉ាប់រួមនា
រសៀលថ្ងៃទី២១វិច្ឆិកាថា ពេលនេះកម្ពុជាបានទទួលសិទ្ធពេញលេញជាម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ជាផ្លូវការហើយ ។
លោក បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានចុះហត្ថលេខាទទួលសិទ្ធិជាផ្លូវការ នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម នៅ ថ្ងៃអាទិត្យ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងពេលដែលដំណើរការសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ។
លោក វ៉ាត់ ចំរើន គូសបញ្ជាក់ថា កម្ពុជាពិតជាមានមោទនភាពចំពោះការទទួលបាន សិទ្ធិជាផ្លូវការធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ ដោយជោគជ័យ នៅក្នុងសន្និបាតក្រុមប្រឹក្សា កីឡាអូឡាំពិកអាស៊ី នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម នាពេលនេះ។
លោក បណ្ឌិត ថោង ខុន ក្នុងនាមប្រធានគណៈកម្មាធិការជាតិកម្ពុជា និងក្នុងនាមជាអ្នករៀបចំការប្រកួតកីឡា យុវជនអាស៊ី និងលោកឃួងស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញក្នុងនាមម្ចាស់ផ្ទះរាជធានីភ្នំពេញ បានចុះហត្ថលេខាជាមួយប្រធានស្តីទី
ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ដោយទទួលបានការអបអរសាទរ ពីបណ្តាប្រទេសដែលចូលរួមទាំងអស់។
តំណាងប្រទេសទាំងអស់នៃទ្វីបអាស៊ី៤៥ប្រទេសបានអបអរសាទរជូនចំពោះព្រះរាជាណាចក្រកម្ពុជាដែលទទួលបានសិទ្ធិធ្វើ
ម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី នាឆ្នាំ២០២៩ ជាមួយនឹងការមើលឃើញពី ការរីកចម្រើនខាងផ្នែកកីឡា ក៏ដូចជាការអភិវឌ្ឍន៍ និងសន្តិភាពរបស់កម្ពុជា»។បណ្តាប្រទេសនានានឹងចូលរួមជួយ ដល់ការរៀបចំការប្រកួតកីឡាយុវជនអាស៊ីរបស់ម្ចាស់ផ្ទះកម្ពុជា នាឆ្នាំ២០២៩។
មោទនភាពនេះគឺបាន កើតមានឡើងក្រោមចក្ខុវិស័យប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតឲ្យគណៈប្រតិភូកម្ពុជាមក ចូលរួមចុះហត្ថលេខាទទួលសិទ្ធិធ្វើជា
ម្ចាស់ផ្ទះកីឡាយុវជនជាប្រវត្តិសាស្ត្រប្រចាំអាស៊ីមួយនេះ។
នេះជាសំណាងរបស់យុវជនរបស់កម្ពុជាយើង និងជាសំណាងរបស់ប្រទេសកម្ពុជាយើង ដែលទទួលបាននូវកិត្តិយស កិត្យានុភាពជាតិ ពេញមុខ ពេញមាត់ ពេញសមត្ថភាពនៅលើឆាកអន្តរជាតិ។ ប្រព័ន្ធផ្សព្វផ្សាយជាតិប្រទេសអារ៉ាប់ទាំងអស់ និងបណ្តាយផ្សព្វផ្យាយអន្តរជាតិបានចូលរួមផ្តិតយករូបភាពពី ពិធីចុះហត្ថលេខានេះទៅផ្សព្វផ្សាយទូទាំងពិភពលោក ៕ដោយ:លី ភីលីព




