ខេត្តស្វាយរៀង៖ គណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា សហការជាមួយ អនុគណៈកម្មាធិការស្ប៉េស្យាល់ អូឡាំពិកខេត្តស្វាយរៀង បានរៀបចំដំណើរការ ប្រកួតកីឡាស្ប៉េស្យាល់ អូឡាំពិកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២១ ដែលមានប្រតិភូកីឡាចំនួន ១៥០ នាក់ មកពីស្រុកចំនួន ០៤ ស្រុក ជុំវិញខេត្ត ដោយមានការអញ្ជើញពិធីបិទ ដោយលោក សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធាន គណៈកម្មាធិការជាតិស្ប៉េស្យាល់ អូឡាំពិកកម្ពុជា។
លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការ គណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជាថា ដោយមានការអនុញ្ញាត គោលការណ៍ពីគណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា និងលោកអភិបាលខេត្ត ព្រមទាំងអនុគណៈកម្មាធិការ ស្ប៉េស្យាល់អូឡាំពិកខេត្តស្វាយរៀង បានរៀបចំដំណើរការប្រកួតកីឡាស្ប៉េស្យាល់ អូឡាំពិកថ្នាក់ខេត្ត និងខេត្តប្រចាំឆ្នាំ២០២១ រួមបញ្ចូលកម្មវិធីកីឡាករវ័យក្មេង ក្នុងគោលបំណងផ្តល់ឱកាស ឲ្យក្រុមកីឡាករ កីឡាការិនី ខេត្ត និងខេត្ត បានជួបជុំគ្នាធ្វើការប្រកួតប្រជែង ដើម្បីចែករំលែក បទពិសោធន៍ ភាពសប្បាយរីករាយ រវាងកីឡាករ កីឡាការិនីជនបញ្ញាខ្សោយ។
លោកបានបន្តថា ការប្រកួតនេះមិនមែនដើម្បី ជ័យជម្នះតែម្យ៉ាងនោះទេ គឺដើម្បីមិត្តភាព សាមគ្គីភាព បំបាត់ភាពរើសអើង និងផ្តល់ឱកាសចូលរួមសកម្មភាព ក្នុងសង្គមតាមរយៈវិស័យកីឡា ស្របតាមចលនាស្ប៉េស្យាល់ អូឡាំពិកថ្នាក់ជាតិ ថ្នាក់អនុតំបន់ទន្លេមេគង្គថ្នាក់ពិភពលោក។ ជាពិសេសការប្រកួតនេះ ដើម្បីជ្រើសរើសកីឡាករ កីឡាការិនីឆ្នើម ទៅចូលរួមការប្រកួតកីឡាស្ប៉េស្យាល់ អូឡាំពិកថ្នាក់ជាតិនៅខែធ្នូ ឆ្នាំ២០២១ និងការប្រកួតកីឡាស្ប៉េស្យាល់ អូឡាំពិកថ្នាក់អន្តរជាតិនានា នៅឆ្នាំ២០២២។
លោកអគ្គលេខាធិការបានបន្ថែមថា ការប្រកួតនេះ ពិតជាមានសារៈសំខាន់បំផុត ព្រោះជាបណ្តើរៗ អាចពង្រីចលនាកីឡាជនបញ្ញាខ្សោយ នៅតាមក្រុង ស្រុក និងឲ្យបានដល់ឃុំ ភូមិ តាមទីជនបទ និងតំបន់ដាច់ស្រយាល ដែលអាច ផ្តល់ឱកាសឲ្យពួកលោកបានចូលរួម សកម្មភាពកីឡា ក៏ដូចជាភាពសប្បាយរីករាយ និងធ្វើឱ្យចលនាកីឡាជនបញ្ញាខ្សោយ កាន់តែផុសផុលទូលំទូលាយ សំដៅបម្រើឲ្យជនបញ្ញាខ្សោយ ទទួលបាននូវការលើកកម្ពស់សិទ្ធិតម្លៃ និងឱកាសក្នុងការចូលរួម ដែលអាចជៀសផុតពីការរើសអើងផេ្សងៗ នៅក្នុងសង្គម៕ ដោយ៖លី ភីលីព