ភ្នំពេញ ៖ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោក នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា អមដំណើរដោយ អនុប្រធានសហព័ន្ធ លោកអគ្គលេខាធិការ សមាជិកប្រតិបត្តិមួយចំនួនទៀត និង ប្រធានក្រុមហ៊ុន LIXIN Group បានចុះសាកសួរ សុខទុក្ខ សំណេះសំណាល និងឧបត្ថម្ភគ្រឿង បរិភោគ ថវិកាជូន គ្រូបង្វឹក និង កីឡាករ-កីឡាការិនីហ្វឹកហាត់ បិទខ្ចប់នៅពហុកីឡាដ្ឋានមរតកតេជោ ដើម្បីត្រៀមព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2021 នៅប្រទេសវៀតណាម នាពាក់កណ្តាលខែឧសភា ឆ្នាំ២០២២ ។

លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូន ឃ្លីលើតុកម្ពុជា បានមានប្រសាសន៍ តាមអនឡាញថា លោក គៀត ច័ន្ទថារិទ្ធ បានសម្ដែងការ អគុណ ចំពោះការលះបង់ និងខិតខំប្រឹងប្រែង របស់កីឡាករ-កីឡាការិនី ដែលបានខិតខំហ្វឹកហាត់ ទោះបីត្រូវអនុវត្តតាមគន្លងថ្មី នៃសម័យ COVID-19 ជាមួយការហ្វឹកហាត់លក្ខណៈបិទខ្ទប់ ក៏ដោយ លោកប្រធានបានលើកទឹកចិត្ត និងជំរុញក្រុមជម្រើសជាតិ ទាំងអស់ បន្ដការខិតខំប្រឹងប្រែង បន្ថែមទៀត ដើម្បីត្រៀមការប្រកួត អន្ដរជាតិនានា និងដណ្ដើមមេដាយជូនជាតិ ពិសេសដំណើរឆ្ពោះទៅព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 ឆ្នាំ២០២៣ នៅកម្ពុជា ។

ក្នុងការអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលនេះ លោកប្រធានបានអញ្ជើញនាំយកគ្រឿង បរិភោគជាច្រើម និងបានឧបត្ថម្ភបន្ថែម ដោយក្នុងមួយនាក់ទទួល បាន ៤០០ដុល្លារ ក្នុងនោះក្រុមហ៊ុនLIXIN Group ចូលរួមជួយ ២០០ដុល្លារ ជារៀងរាល់ខែ ក្នុងម្នាក់ទឹកសុទ្ធ ៥០០ យួរ ខោអាវ ម្នាក់២សម្រាប់ ស្បែកជើង មួយគូ រកែត មួយគូក្នុងម្នាក់ ជូនចំពោះគ្រូបង្ហាត់ ៤នាក់ កីឡាករ ៨នាក់ កីឡាការានី៣ នាក់ដើម្បីជាការលើកទឹកចិត្ត ក្នុងពេលកំឡុងការបិទខ្ទប់ការហ្វឹកហាត់ ដោយគិតចាប់ពីថ្ងៃទី១ តុលានេះទៅ ។

ឆ្លៀតក្នុងឱកាសនោះ លោកគៀតច័ន្ទថារិទ្ធ ក៏បានបើកការប្រជុំពិភាក្សាគ្នា ដើម្បីត្រៀមបើកមហាសន្និបាត សហព័ន្ធកីឡា វាយកូនឃ្លីលើតុ ព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧ នាពេលឆាប់ៗខាងមុននេះ ៕




