ក្រុមបិសាចក្រហម Manchester United បានយល់ព្រមយកលោក Ralf Rangnick គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ មកដឹកនាំក្រុមហើយ ដោយមានរយៈពេល៦ខែ។
ដំណឹងនៃការយកលោក Rangnick មកនេះ ពិតជាធ្វើឱ្យអ្នកគាំទ្រពេញចិត្តខ្លាំង ព្រោះបុរសវ័យ៦៣ឆ្នាំនេះត្រូវបានគេស្គាល់ច្បាស់ថាជាគ្រូបង្វឹកឆ្នើមម្នាក់ និងកសាងប្រវត្តិសាស្ត្រ ក្បួនលេងនៃបាល់ទាត់ អាល្លឺម៉ង់កន្លងទៅផងដែរ។ លោក Rangnick នេះមានក្បួនលេងផ្ទាល់ខ្លួនមួយ ដែលត្រូវបានគេស្ឡាល់ថា Gegenpressing ដែលត្រូវបានគេប្រើប្រាស់ខ្លាំងនៅក្នុងវិស័យបាល់ទាត់អាល្លឺម៉ង់ ហើយលោក Klopp និង Tuchel ក៏កំពុងប្រើប្រាស់ដែរ។
អ្វីជា Gegenpressing ទៅ? លោក Rangnick ធ្លាប់បានពន្យល់ថា លោកដឹកនាំក្រុមសាមញ្ញបំផុត បើគិតតាមសាមញ្ញទៅ។ ប្រសិនបើអ្នកស្រលាញ់បាល់ទាត់ តាមដានច្បាស់ប្រាកដជាឃើញក្បួននេះ លេងកាលលោក Klopp នៅដឹកនាំ Dortmund មិនខាន ហើយបច្ចុប្បន្ន Liverpool ក៏ដូចគ្នា។ គេលេងដេញបាល់ខ្លាំង មិនឱ្យបាត់បាល់យូរទេ ហើយសម្រុកទៅមុខក៏លឿនផងដែរ។ នៅពេលកីឡាករបានបាល់ ត្រូវតែដឹងថាបោះទៅខាងណា មិនចាំបាច់គិតយូរឬមើលគ្នានោះទេ។ ម្នាក់បានបាល់ ម្នាក់ទៀតឬកីឡាករដទៃ ត្រូវតែដឹងថាខ្លួនត្រូវរត់ទៅណា រត់របៀបណា និងឱ្យលឿនបំផុត។
កីឡាករត្រូវលេងពេញ៩០នាទី រត់និងប្រដេញបាល់ជានិច្ច មិនអាចបើកឱ្យដៃគូលេង និងមានពេលគិតយូរឡើយ។ អ្វីដែលលោក Rangnick ចូលចិត្តមួយទៀតនោះ គឺបង្វឹកកីឡាករឱ្យល្អ ឬទិញមកថោកតែលេងល្អ ជាជាងការចំណាយរាប់រយលានផោនទិញកីឡាករ តែយកមកទុកចោល៕ Source: Sabay