អ្នកគាំទ្របិសាចក្រហម បានបង្ហាញការសប្បាយចិត្ត ជាខ្លាំងនៅពេលក្លឹបមួយនេះ ត្រៀមប្រកាសយកលោក Ralf Rangnick មកដឹកនាំក្រុមបណ្ដោះអាសន្ន៦ខែ គិតចាប់ពីសប្ដាហ៍ក្រោយទៅ ។

ការសប្បាយចិត្តរបស់អ្នកគាំទ្រ ក៏ព្រោះតែលោក Ralf Rangnick នេះជាគ្រូនៃគ្រូបង្វឹករាប់រយនាក់ទៀត នៅអាល្លឺម៉ង់ ។ លោកជាអ្នកចាត់ការ ល្អបំផុតម្នាក់ក្នុងចំណោមអ្នកចាត់ការល្អៗ ជាច្រើននាក់ទៀត ដែលពោរពេញដោយបទពិសោធ និងតាក់តិចនៃការប្រកួត។ អ្វីដែល Professor រូបនេះទាមទារពីកីឡាករបំផុតនោះ គឺលេង៩០នាទី ម្នាក់ៗត្រូវរត់ប្រជែងបាល់ជានិច្ច មិនអាចឈរមើលគេលេងបានឡើយ។
ដោយសារតែកត្តាទាមទារច្រើននេះហើយ ទើបបានជាអ្នកគាំទ្រមួយចំនួនបារម្ភពីអនាគតរបស់ Critsiano Ronaldo វិញ? ខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំខាងលើវ័យជ្រេបន្ដិចហើយ និងមិនអាចសកម្មលើទីលានរហូតនោះទេ។ វាអាចនឹងមិនត្រូវជាមួយអ្វីដែលលោក Rangnick ទាមទារឡើយ។ ឬអាចនិយាយមួយទៀតថា នាទីលេងរបស់ CR7 នឹងមិនអាចមានច្រើនដូចកាលលោក Ole ដឹកនាំនោះទេ។

មិនត្រឹមតែ Ronaldo នោះទេ កីឡាករច្រើននាក់ទៀតក្នុងក្រុម Man Utd បច្ចុប្បន្នដូចជា Pogba និង Harry Maguire ជាដើមនោះក៏នឹងត្រូវប្រឈមដូចគ្នា ឬអាចនិយាយបានថានឹងមានការកែប្រែច្រើនមិនខាន ប្រសិនបើពួកគេចង់មានឱកាសបន្ដជម្រើស១១នាក់ដំបូងទៀត។ អ្វីដែលលោក Rangnick ចង់ឃើញបំផុតគឺការបណ្ដេញបាល់មិនឈប់របស់កីឡាករលើទីលាន និងការស្រែកឃ្លានមានបាល់នៅជាប់ជើង៕
