ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ នេះវគ្គបណ្តុះបណ្តាល គណៈកម្មការ រៀបចំការ ប្រកួតកីឡាទាញព្រ័ត្រ កមិ្រតមូលដ្ឋាន ដែលមានរយៈពេល ៣ថ្ងៃ នៅសាលប្រជុំ នៃមន្ទីរអប់រំកាយ និងកីឡាខេត្តកណ្តាល រៀបចំ ដោយសហព័ន្ធ កីឡាទាញព្រ័ត្រកម្ពុជា បានលទ្ធផលល្អ លើសពីការរំពឹងទុក ក្នុងនោះសិក្ខាកាមមាននិទ្ទេសល្អ រហូតដល់៥០ភាគរយ ។
ក្នុងឳកាសបើកវគ្គ ជាផ្លូវការ ដោយមានការអញ្ជើញ ចូលរួម ពីសំណាក់ លោកបណ្ឌិត មាស សារិន ប្រធានសហព័ន្ធ លោក ពៅ វណ្ណា ប្រធានការិយាល័យ កីឡា និង សមាជិកប្រតិបត្តិសហព័ន្ធកីឡា ទាញព្រ័ត្រកម្ពុជា ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភ របស់ក្រសួងអប់រំ យុវជន និងកីឡា ។
លោកបណ្ឌិត មាស សារិន បានមានប្រសាសន៍ថា សិក្ខាកាមទំាងអស់ ត្រូវយកចំណេះដឹង ទៅអនុវត្តការប្រកួតកីឡាទាញព្រ័ត្រ ជ្រើសរើសជើងឯក ថ្នាក់ជាតិ នឹងប្រព្រឹត្តថ្ងៃទី៥ ដល់៦ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តកណ្តាល ដើម្បីជ្រើសរើស ក្រុមកីឡាករ-កីឡាការិនី ទាញព្រ័ត្រឆ្នើមចូល រួមព្រឹត្តិការណ៍ការ ប្រកួតកីឡាទាញព្រ័ត្រជើងឯក កម្រិតអន្តរជាតិ នៅប្រទេសថៃ ដែលនឹងប្រព្រឹត្ត ចាប់ពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ខាងមុខនេះ ។ ដូច្នេះគណៈកម្មបច្ចេកទេស ត្រូវធ្វើយ៉ាង មិចជ្រើសរើស ឲ្យបានត្រឹមត្រូវ ដើម្បីឈានទៅរកការដណ្តើមមេដាយ ជូនប្រទេសជាតិយើង ចំពោះអត្តពលិកទំាងអស់ កម្លាំង បច្ចេកទេស និង ល្បិចការប្រកួត ប្រសិនកីឡាមានតែកម្លាំង បច្ចេកទេស គ្មានល្បិចនោះមិនអាច ទទួលបានជ័យជម្នះ បានឡើយ ។
លោកស្រី ប្រាក់ សម្ជស្ស អគ្គលេខាធិការ នៃសហព័ន្ធបាននិយាយថា សិក្ខាកាមរៀនវគ្គនេះ មានចំនួន៣១នាក់ក្នុងនោះស្រី ១៦នាក់ និងបុរស ១៥នាក់មកពី៥រាជធានី-ខេត្ត និងក្រសួង២រួម មានខេត្តរតនគីរី ខេត្តបាត់ដំបង ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងភ្នំពេញ ព្រមទំាងក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ដោយសិក្សា ចាប់ពីថ្ងៃទី២ដល់៤ ខែធ្នូ ឆ្នាំ២០២១ ៕ដោយ៖លី ភីលីព