កីឡា

ខេមរសហព័ន្ធតេក្វាន់ដូ បំប៉នសមត្ថភាពអាជ្ញាកណ្តាល និងចៅក្រមថ្នាក់ជាតិ ត្រៀមប្រកួត ជើងឯកថ្នាក់ជាតិ២០២១

ភ្នំពេញ៖ ខេមរសហព័ន្ធតេក្វាន់ដូ WT នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ បានបើកវគ្គបំប៉នសមត្ថភាព អាជ្ញាកណ្តាល និងចៅក្រមថ្នាក់ជាតិ ត្រៀមប្រកួតជើងឯកថ្នាក់ជាតិ២០២១ និងអាជ្ញាកណ្តាល និងចៅក្រមអន្តរជាតិសម្រាប់ ព្រឹត្តិការណ៍ការប្រកួតគីឡា SEA GAMES 2023 លើកទី៣២ កម្ពុជាធ្វើម្ចាស់ផ្ទះ ដោយមានសិក្ខាកាមចំនួន២៣នាក់ អញ្ជើញចូលរួមពិធីលោកគង់ សក្ខិដា អគ្គលេខាធិការរង តំណាងលោកបណ្ឌិត ជ្រិន សុធា អគ្គលេខាធិការខេមរសហព័ន្ធតេក្វាន់ដូ។

កម្មវិធីវគ្គស្តីពីការបំប៉ន សមត្ថភាពអាជ្ញាកណ្តាល និងចៅក្រមថ្នាក់ជាតិនេះ ធ្វើឡើងដើម្បីត្រៀខ្លួន សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូ WTជ្រើសរើសជើងឯកថ្នាក់ជាតិ២០២១ ដែលប្រព្រឹត្តិចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១។ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរា ជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺកម្ពុជាត្រូវមានអាជ្ញាកណ្តាល និងចៅក្រមកម្រិតអន្តរជាតិចំនួន ៥នាក់យ៉ាងតិច ដើម្បីគ្រប់គ្រងការប្រកួតទាំងមូលបាន។

ដូច្នេះអនុគណៈកម្មការអាជ្ញាកណ្តាល និងចៅក្រម ត្រៀមសម្រាប់ប្រកួត កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹង ផ្សព្វផ្សាយពីការជ្រើសរើស មន្រ្តីបច្ចេកទេសតេក្វាន់ដូ ដែលមានកម្រិតចាប់ពី ៣ដាន់ (KUKKIWON)ឡើងទៅ ដែលមានចំណាប់អារម្មណ៍ចូលរួម ស្របតាមលក្ខខណ្ឌនៃការជ្រើសរើស សិក្ខាកាមរបស់អនុគណៈកម្មការ។

នៅក្នុងវគ្គដ៏មានសារៈសំខាន់នេះ យើងទទួលបានកិត្តិយសអញ្ជើញ ចូលរួមធ្វើបទបង្ហាញពីគ្រូឧទ្ទេស លោក គង់ សក្ខិដា លោក ឃឹម សេដ្ឋា និងការសម្រាបសម្រួល ដោយអនុគណៈកម្មការអាជ្ញាកណ្តាល និងចៅក្រមផ្ទាល់ លើការសិក្សាមេរៀនច្បាប់ អាជ្ញាកណ្តាលអន្តរជាតិ មានផ្នែកមេគុណ ផ្នែកការប្រកួតប្រយុទ្ធ និងចំណេះដឹងពីច្បាប់កីឡាជនពិការផងដែរ ៕ ដោយ៖លី ភីលីព

Most Popular

To Top