ភ្នំពេញ៖លោកបណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា និងលោក ពៅ វណ្ណា ប្រធានការិយាល័យកីឡា នៃមន្ទីរអប់រំកាយ និងកីឡាខេត្តកណ្តាល នាល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តកណ្តាលអញ្ជើញចូលរួម ពិធីបិកព្រឹត្តិការណ៍ ការប្រកួតកីឡាទាញព្រ័ត្រ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ ក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភ របស់ក្រសួងអប់រំ យុវជន និងកីឡា
លោកស្រី ប្រាក់ សម្ជស្ស អគ្គលេខាធិការសហព័ន្ធ បាននិយាយថា ការប្រកួតនេះមានសមាគនកីឡាទាញព្រ័ត្រ ចំនួន៩ ដែលមានក្រុមកីឡាករ-កីឡាការិនីចូលរួម ចំនួន១៦ក្រុម ដូចជាសមាគនកីឡាទាញព្រ័ត្រខេត្តកែប សមាគនកីឡាទាញព្រ័ត្រខេត្តកំពត សមាគនកីឡាទាញព្រ័ត្រ ខេត្តបាត់ដំបង សមាគនកីឡាទាញព្រ័ត្រក្រសួងមហាផ្ទៃ សមាគនកីឡាទាញព្រ័ត្រទ័ពជើងទឹក សមាគនកីឡាទាញព្រ័ត្រខេត្តស្វាយរៀង សមាគនកីឡាទាញព្រ័ត្រខេត្តកណ្តាល សមាគនកីឡាទាញព្រ័ត្រខេត្តព្រៃវែង និងសមាគនកីឡាទាញព្រ័ត្រ ក្រសួងការពារជាតិ។ សម្រាប់ការប្រកួតឆ្នាំនេះ សហព័ន្ធបានដាក់វិញ្ញាសា ចំនួន២វិញ្ញាសា គឺផ្នែកបុរស៤នាក់ ទល់៤នាក់ និងផ្នែកនារី៤នាក់ ទល់៤នាក់ ។
សម្រាប់លទ្ធផលវិញ្ញាសា ផ្នែកបុរស៤នាក់ទល់៤នាក់ គឺមេដាយមាសបានទៅលើក្រុមខេត្តកំពត ដោយផ្តួលក្រុមជើងខ្លាំង និងជាម្ចាស់មេដាយមាសជាច្រើនជំនាន់ ក្រុមខេត្តបាត់ដំបង ចំណែកក្រុមម្ចាស់ផ្ទះខេត្តកណ្តាល ទទួលបានមេដាយសំរិទ្ធ រីឯវិញ្ញាសាផ្នែក នារី៤នាក់ទល់៤នាក់ មេដាយមាសបានទៅលើក្រុមខេត្តបាត់ដំបង ដោយក្រុមជើងខ្លាំងនេះ នៅរក្សាមេដាយមាសរបស់ខ្លួនដដែល ក្រុមខេត្តស្វាយរៀង បានត្រឹមមេដាយប្រាក់ និងក្រុមខេត្តកំពត ទទួលបានមេដាយសំរិទ្ធ៕




