កីឡា

លោក ម៉ៅ ស្រេង៖វគ្គបណ្តុះបណ្តាល ជួយក្នុងការត្រៀមខ្លួន ក្លាយជាអាជ្ញាកណ្តាល អន្តរជាតិតេក្វាន់ដូ WT បន្តវេន ជំនាន់ក្រោយៗ

ភ្នំពេញ៖វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រមតេក្វាន់ដូ WT ថ្នាក់ជាតិឆ្នាំ២០២១ ដើម្បីត្រៀមការប្រកួតជ្រើសរើសជើងឯកកីឡាតេក្វាន់ដូ WT ថ្នាក់ជាតិប្រចាំឆ្នាំ២០២១ នាពាក់កណ្តាលខែធ្នូ ឆ្នាំ២០២១ នៅសាលា ACE ចាក់អង្រែក្រោម រាជធានីភ្នំពេញនៅល្ងាចថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១រៀបចំដោយខេមរសហព័ន្ធតេក្វាន់ដូ WTក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភក្រសួងអប់រំ យុវជន និងគីឡាបានបញ្ចប់ដោយជោគជ័យ។

ក្នុងឳកាសបិទវគ្គខាងលើកនេះដោយមានការអញ្ជើញចូលរួមលោក ម៉ៅ ស្រេង ប្រធានស្ថាប័ន IDP & ACE កម្ពុជា និងជាអនុប្រធានខេមរសហព័ន្ធតេក្វាន់ដូតំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ លោកបណ្ឌិត ជ្រិន សុធា អគ្គលេខាធិការខេមរសហព័ន្ធកីឡាតេក្វាន់ដូ WT លោក ទុយ វិច្ឆិកា ប្រធានការិយាកីឡាទំនើបតំណាងលោក ហ៊ុន សាមុត នាយកដ្ឋានអប់រំកាយ និងកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី សុខ ធីតា Manager សាលា ACE សាខាចាក់អង្រែក្រោមលោកបណ្ឌិត ជ្រិន សុធា បានមានប្រសាសន៍លើរបាយការណ៍ថា វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល-ចៅក្រមតេក្វាន់ដូWTថ្នាក់ជាតិប្រចាំឆ្នាំ២០២១ប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ នៅសាលា ACE សាខាចាក់អង្រែក្រោម ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មានសិក្ខាកាមមកពីបណ្តាក្លិបកីឡាតេក្វាន់ដូWT រាជធានី-ខេត្ត សរុបចំនួន ២០នាក់មានស្រី៨នាក់ ក្នុងនោះមកពីខេត្តបាត់ដំបងចំនួន ៤នាក់ ស្រី ១នាក់ ខេត្តសៀមរាបចំនួន៣នាក់ ខេត្តមណ្ឌលគិរីចំនួន១នាក់ និងរាជធានីភ្នំពេញចំនួន ១២នាក់ ស្រី ០៧នាក់។

លោកបានបន្តថា វគ្គនេះអាចដំណើរការទៅបានដោយសារមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា តាមរយៈថវិកាគ្រាំទ្រជួយពន្លឿនដល់ការអភិវឌ្ឍន៍របស់ខេមរសហព័ន្ធតេក្វាន់ដូប្រចាំឆ្នាំ២០២១ ទាន់ពេលវេលា និងសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតដល់លោកប្រធានបានផ្តល់ទីតាំងរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង សម្រាប់ជាឱកាសដល់សិក្ខាកាមទាំងអស់បានក្រេបយកចំណេះដឹងថ្មីៗនិងទទួលនូវបទពិសោធន៍ជាច្រើនទៀតពីគ្រូបង្គោល ជាអាជ្ញាកណ្តាលអន្តរជាតិក្នុងការត្រៀមខ្លួនក្លាយជាអាជ្ញាកណ្តាលអន្តរជាតិបន្តវេនជំនាន់ក្រោយៗ ក៏ជាក្តីសង្ឃឹមសម្រាប់ខេមរសហព័ន្ធតេក្វាន់ដូនៃការប្រកួតកីឡាSEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។ ចំពោះការចូលរួមរបស់សិក្ខាកាម និងគណៈកម្មការទាំងអស់ ត្រូវអនុវត្តតាមវិធានការ ការពាររបស់ក្រសួងសុខាភិបាល និងតាមអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

លោក ម៉ៅ ស្រេង ក៏បានមានប្រសាសន៍ដែរថា វគ្គបណ្តុះបណ្តាលនេះនឹងជួយការជួយអភិវឌ្ឍន៍ដល់វិស័យកីឡាតេក្វាន់ដូWT នៅកម្ពុជាឲ្យរីកចម្រើនទៅមុខបន្តទៀត។ ការរៀបចំវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល-ចៅក្រមថ្នាក់ជាតិ នាពេលនេះគោលដៅចង់ឲ្យប្អូនៗយកទៅបម្រើឲ្យការប្រកួតកីឡាតេក្វាន់ដូWT ក្នុងប្រទេស និងឆ្ពោះទៅធ្វើជាអាជ្ញាកណ្តាលអន្តរជាតិ សម្រាប់កម្មវិធីប្រកួតកីឡាតេក្វាន់ដូនានា លើឆាកអន្តរជាតិ ពិសេសសម្រាប់ត្រៀមធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាSEA GAMES លើកទី៣២ នាឆ្នាំ២០២៣ខាងមុខ។ ក្នុងបរិការណ៍កូវីដ-១៩ ខ្ញុំសូមផ្តាំផ្ញើដល់ អាជ្ញាកណ្តាល-ចៅក្រមទាំងអស់ សូមគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ត្រូវការពារខ្លួន ដោយអនុវត្ត ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន។

ជាលទ្ធផលប្រឡងបញ្ចប់វគ្គ ទទួលបានដូចខាងក្រោម៖ល្អ ៣នាក់ស្មើ១៥ភាគរយ ល្អបង្គួរ ១០នាក់ក្នុងនោះស្រី៦នាក់ស្មើ៥០ភាគរយ និងមធ្យម ៧នាក់ ស្រី១នាក់ស្មើ៣៥ ភាគរយ៕ដោយ៖លី ភីលីព

Most Popular

To Top