កីឡា

សហព័ន្ធកីឡា ទ្រីយ៉ាត្លុងបណ្តុះបណ្តាលបច្ចេកទេស តៀមការប្រកួតជើងឯក ថ្នាក់ជាតិ២០២១

ខេត្តកែប៖ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលបច្ចេកទេស កីឡាទ្រីយ៉ាត្លុង ពីថ្ងៃទី៧ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តកែប ដោយផ្សាភ្ជាប់នឹងការបញ្ជ្រាបចំណេះដឹងក្នុងវគ្គនេះឆ្ពោះទៅរកគោលដៅចម្បងនៃការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។

ក្នុងឱកាសវគ្គនេះទទួលបានការផ្តល់កិត្តិយសពីលោសោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប ដោយឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះវគ្គសិក្សានេះ និងបានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ខិតខំក្រេបយកចំណេះដឹងពីគ្រូឧទ្ទេសអន្តរជាតិ ដើម្បីពង្រីកការអភិវឌ្ឍវិស័យកីឡាទ្រីយ៉ាត្លុងកម្ពុជាឲ្យកាន់តែរីកចម្រើន ជាពិសេសគឺការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣តែម្តង។

លោក ងិន សុខបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាគូសបញ្ជាក់ថា ក្រោមគម្រោងថវិកាគាំទ្រអភិវឌ្ឍសហព័ន្ធកីឡាជាតិ ឆ្នាំ២០២១ របស់ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាទីយ៉ាត្លុងកម្ពុជាសហការជាមួយរដ្ឋបាលខេត្តកែប រៀបចំបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសកីឡា ទីយ៉ាត្លុងនេះឡើង ដើម្បីឲ្យកីឡាករ កីឡាការិនីជម្រើសជាតិ គ្រូបង្វឹក និងគណៈកម្មការបច្ចេកទេសរៀបចំការប្រកួត បង្កើនសមត្ថភាពបន្ថែមទៀត ត្រៀមខ្លួនរៀបចំការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រដំបូង។

លោកបន្ថែមថា វគ្គបណ្តុះបណ្តាលនេះមានគ្រូឧទ្ទេស២រូប គឺ លោក Franceso គ្រូឧទ្ទេស ជនជាតិអ៊ីតាលី ដែលបង្រៀនក្នុងវគ្គតាមរយៈ Zoom និងលោក Derrick Murray ជនជាតិណូវែលសឺឡង់ បង្រៀនផ្ទាល់ អនុវត្តផ្ទាល់ ជាមួយសិក្ខាកាមចំនួន ២៥នាក់ ជាអត្តពលិកជម្រើសជាតិ និងមន្ត្រី គ្រូ ខេត្តកែប។វគ្គបណ្តុះបណ្តាលផ្តោតទៅលើ ទ្រឹស្តី និងការអនុវត្តជាក់ស្ដែងនៅឆ្នេរសមុទ្រស្រីស (Rule In Triathlon និងTechnical Officials)។

ក្នុងនាមថ្នាក់ដឹកនាំសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា លោក ងិន សុខបញ្ញា បានបង្ហាញនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកអភិបាលខេត្តកែប ក្រសួងអប់រំ យុវជន និងកីឡា លោកគ្រូ អ្នកគ្រូ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមវគ្គបណ្តុះបណ្តាលនេះ ហើយជឿថា ក្រោយពេលបញ្ចប់វគ្គនេះ សិក្ខាកាមនឹងទទួលចំណេះជំនាញបន្ថែមទៀត ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ធ្វើជាម្ចាស់ផ្ទះកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣៕ដោយ៖ លី ភីលីព

Most Popular

To Top