ខេត្តកណ្តាល ៖ អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ អំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជា គ្រប់រូបចូលរួមហាត់ប្រាណ និងលេងកីឡា ដើម្បីពង្រឹងកាយសម្បទារ បស់ខ្លួន និង អាចឈ្នះជម្ងឺដង្កាត់ទាំងឡាយផង ដូចពាក្យស្លោកថា «កីឡានាំមកនូវសុខភាព និងសេចក្តីថ្លៃថ្នូរ»

ការថ្លែងអំពាវនាវនេះ ធ្វើឡើងក្នុងឱកាស លោកអភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតកីឡា មហាជនជ្រើសរើសជើងឯកថ្លាក់ខេត្ត ប្រចាំឆ្នាំ២០២១ នៅកីឡដ្ឋានខេត្តកណ្តាល។

លោកអភិបាលខេត្ត បន្តថា លេងកីឡា មិនត្រឹមតែពង្រឹងកាយសម្បទារបស់ខ្លួន និងអាចឈ្នះជម្ងឺដង្កាត់ ទាំងឡាយនោះទេ តែការលេងកីឡា គឺនាំមកនូវសុខភាព និងសេចក្តីថ្លៃថ្នូរ និងស្របតាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ “ពលរដ្ឋម្នាក់ ត្រូវចេះលេងកីឡា យ៉ាងតិចឱ្យបានមួយប្រភេទកីឡា” ។
លោកអភិបាលខេត្ត បានឱ្យថា បន្ទាប់ពីយើងបិទការប្រមូលផ្ដុំគ្នាមួយរយៈ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ កន្លងទៅ ថ្ងៃនេះយើងបាន រៀបចំការប្រកួតឡើងវិញ ក្នុងសកម្មភាពប្រុងប្រយ័ត្នខ្ពស់ ដោយមានការបាញ់សម្លាប់មេរោគលើទីលាន ពាក់ម៉ាស់ ការពិនិត្យកំដៅ ការលាងសម្អាតដៃនឹងអាល់កុល បានត្រឹមត្រូវ អនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល ហើយកីឡាករ កីឡាការិនី ក៏ដូចជាគណៈកម្មការ បានចាក់ចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ធ្វើឱ្យដំណើរការប្រកួត មានសុវត្ថិភាព ទទួលបានជោគជ័យ គួរឱ្យកត់សម្គាល់នាពេលនេះ ។

លោកបន្ថែមថា ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ស្នើរាល់ការរៀបចំការ ប្រកួតកីឡា ត្រូវស្ថិតក្នុងសកម្មភាព ប្រុងប្រយ័ត្នខ្ពស់ ដោយមានការបាញ់ សម្លាប់មេរោគលើទីលាន ការពិនិត្យកំដៅ ការលាង សម្អាតដៃនឹងអាល់កុល ឱ្យបានត្រឹមត្រូវ ដោយអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ពិសេសអនុវត្តវិធាន របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាយ័ន្តដ៏ស័ក្តិសិទ្ធិ គឺ៖“ ៣ការពារ និង ៣កុំ” ។
លោក ចេង សំអុល ប្រធានធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បានឱ្យដឹងថា ការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២១ ដែលកម្មវិធីប្រកួតជាផ្លូវការ ប្រព្រឹត្តទៅរយៈពេលប្រាំពីរថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ដោយមាន៥ផ្នែក មានផ្នែកកីឡាបាល់ទាត់ ផ្នែកកីឡាបាល់ទះ ផ្នែកកីឡាបាល់បោះ ផ្នែកកីឡាអត្តពលកម្ម និងផ្នែកកីឡាទាញព្រ័ត្រ មានកីឡាករ កីឡាការិនី សរុបចំនួន៧៥០នាក់ ៕ដោយ:លី ភីលីព
