កីឡា

ក្រសួងមហាផ្ទៃ ឈ្នះមេដាយច្រើនជាងគេ នៃការប្រកួតកាយ សម្ព័ន្ធជើងឯកជាតិ និងពានរង្វាន់ លោក ថោង ខុន

ខេត្តកំពង់ឆ្នាំង ៖ ព្រឹត្តិការណ៍ការប្រកួតកីឡា កាយសម្ព័ន្ធជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំ២០២១ និងពានរង្វាន់ លោកបណ្ឌិត ថោង ខុន លើកទី៥ ដែលធ្វើឡើង នៅសាលាលេខ៥ ខេត្តកំពង់ឆ្នាំង នោះ នៅល្ងាចថ្ងៃទី១៣ ខែធ្នូ្ន ឆ្នាំ២០២១ បានបញ្ចប់ហើយក្នុងនោះ ក្រុមកីឡាកាយសម្ព័ន្ធ ក្រសួងមហាផ្ទៃឈ្នះមេដាយ ច្រើនជាងគេ ។

លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធ បានប្រាប់ពីខេត្តកំពង់ឆ្នាំង ឲ្យដឹងថា ការប្រកួតនេះ មានកីឡាករ-កីឡាការិនី ចំនួន៦៥នាក់ ប្រតិភូ និងមន្រ្តីដឹកចំនួន៤២នាក់ និងមន្ត្រីស្ម័គ្រចិត្ត ចំនួន១៤នាក់បានចូលរួមក្នុងព្រឹត្តិការណ៍នេះ ។ ការប្រកួតជើងឯករយៈពេល៦ថ្ងៃនេះ កីឡាករ-កីឡាការិនី មានការខិតខំប្រកួតប្រជែង ដោយក្រមសីលធម៌គោរព គោលការណ៍ Fair- Play បានត្រឹមត្រូវ បើប្រៀបធៀប ជាមួយឆ្នាំមុនៗ សមត្ថភាពកីឡាករ-កីឡាការិនី មានការកើនឡើង ផ្នែកបច្ចេកទេស ។

កីឡាករ-កីឡាការិនី ជម្រើសជាតិ ដែលបន្តហ្វឹកហាត់បិទខ្ទប់ នោះសិទ្ធិផលរបស់គេមិនមានការ ស្រុតចុះឡើយដែលនេះជាឳកាសដ៏ល្អមួយ សម្រាប់ការ ប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅប្រទេសវៀតណាម ហើយនឹងការត្រៀមខ្លួនចេញ ទៅហ្វឹកហាត់រយៈពេលយូរ នៅប្រទេសចិន ដើម្បីពង្រឹងសមត្ថភាព ដើម្បីប្រជែង យកមេដាយ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

លោកអគ្គលេខាធិការ ទទួលស្គាល់ថា កាយសម្ព័ន្ធអារទីស្ទីក (Artistic) មិនសូវល្អគឺល្អលើការសម្ដែង ជាមួយឧបករណ៍ខ្លះ ដូចជាវិញ្ញាសាសេះកង និងសេះលោត មានការកើនឡើង ចំពោះកាយសម្ព័ន្ធអាអេរ៉ូប៊ិក(Aerobic)ល្អខ្លាំងតែម្ដង ។ កីឡាកាយ សម្ព័ន្ធ ចែកចេញជា២ប្រភេទគឺ កាយសម្ព័ន្ធអាអេរ៉ូប៊ិក និងកាយសម្ព័ន្ធអារទីស្ទីក ។ អាអេរ៉ូប៊ិកគឺមានសង្ឃឹមច្រើន សម្រាប់ស៊ីហ្គេមឆ្នាំ២០២២ ទោះបីមិនបានមេដាយក៏អ្វីៗ ប្រែប្រួលបានប្រសើរ ជាងលើកមុនៗ ។

ក្រសួងមហាផ្ទៃដណ្ដើម បានមេដាយមាស៤គ្រឿង ខេត្តកំពង់ឆ្នាំង បានមេដាយមាសចំនួន៣គ្រឿង ខេត្តក្រចេះ បានមេដាយមាស ៣គ្រឿង និងខេត្តតាកែវ បានមេដាយមាស ចំនួន១គ្រឿង ៕

Most Popular

To Top