កីឡា

បណ្តុះបណ្តាល មន្ត្រីបច្ចេកទេសមុនរៀបចំការ ប្រកួតកីឡាទូក ជើងឯកថ្នាក់ជាតិ នៅខេត្តកំពត 

ខេត្តកណ្តាល៖ វគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេស និងមន្ត្រីរៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ» កម្រិតមូលដ្ឋានត្រូវបានបិទបញ្ចប់ដោយជោគជ័យនាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នៅវិទ្យាល័យ ហ៊ុនសែន តាខ្មៅ ខេត្តកណ្តាល បន្ទាប់ពីដំណើរការអស់រយៈពេល៦ថ្ងៃ ដើម្បីរៀបចំការប្រកួតកីឡាទូកជ្រើសរើសជើងឯកថ្នាក់ជាតិនៅខេត្តកំពត។

លោកបណ្ឌិត ជា ប៊ុនហេង អគ្គលេខាធិការសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានជំរុញទឹកចិត្តដល់សិក្ខកាម ដែលជាមន្ត្រីបច្ចេកទេសទាំងអស់ បន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីជួយជំរុញអភិឌ្ឍវិស័យកីឡាទូកកម្ពុជា អោយកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេស គឺជួយរៀបចំការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ ឲ្យទទួលបានជោគជ័យ។ អ្វីដែលពិសេស គឺសម្រួចគោលដៅឆ្ពោះទៅរៀបចំទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បើទោះបីជាស៊ីហ្គេម នៅវៀតណាម ឆ្នាំ២០២២ ម្ចាស់ផ្ទះមិនបានដាក់បញ្ជូលប្រភេទកីឡាទូកនេះ សម្រាប់ការប្រកួតក្តី។

លោកបណ្ឌិត មាស សារិន អនុប្រធានអចិន្ត្រៃយ៍សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានចាត់ទុកថា វគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេស និងមន្ត្រីរៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ កម្រិតមូលដ្ឋាន នៅខេត្តកណ្តាល គឺជាសមិទ្ធផលថ្មីមួយ នាចុងឆ្នាំ២០២១នេះ ដើម្បីត្រៀមឆ្ពោះទៅរៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ (ទូកនាគ) ទូកកានូ ទូកកាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសឯកថ្នាក់ជាតិ និងពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី៨ ឆ្នាំ២០២១ នាថ្ងៃទី២៣-២៥ ខែធ្នូ ឆ្នាំ២០២១ នៅទីរួមខេត្តកំពត។

លោកបណ្ឌិត មាស សារិន មានប្រសាសន៍បន្ថែមថា បើទោះបីជាវគ្គនេះមានរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែឯកឧត្តមបានបង្ហាញក្តីសង្ឃឹមថា នេះជាចំណែកដ៏សំខាន់ ដើម្បីអភិវឌ្ឍធនធានមន្ត្រីរៀបចំការប្រកួត ឲ្យទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀត។ ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ បានផ្តល់អនុសាសន៍ជូនដល់សិក្ខាកាម ដោយលើកទឹកចិត្តឲ្យបន្តកិច្ចខិតខំប្រឹងប្រែង ដុសខាត់សមត្ថភាពឲ្យកាន់តែមានគុណភាពល្អប្រសើរ។ នៅក្នុងចំណោមសិក្ខាកាមទាំង៤៦នាក់ សហព័ន្ធនឹងបញ្ជូនមន្ត្រីខ្លះៗ ដែលចេះភាសាអង់គ្លេសជ្រៅជ្រះ ដើម្បីចូលរួមវគ្គកម្រិតអន្តរជាតិ ដើម្បយកចំណេះដឹងទាំងនោះ មកបម្រើដល់វិស័យកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ» ទូកកានូ និងទូករ៉ូអ៊ីងកម្ពុជា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល៥ថ្ងៃ ដោយមានសិក្ខាកាម៤៦នាក់ ក្នុងនោះនិទ្ទេសល្អ ៤៥%, ល្អបង្គួរ ៣៥% និងមធ្យម ២០%។ វគ្គសិក្សាផ្តោតសំខាន់លើតួនាទី ភារកិច្ចរបស់គណៈកម្មការរៀបចំការប្រកួត មន្ត្រីទទួលបន្ទុករួម លេខាតុ អាជ្ញាកណ្តាលដឹកនាំការប្រកួត ចៅក្រមប្រកួត ចេញដំណើរ-ផ្តាច់ព្រ័ត្រ និងតួនាទី-ភារកិច្ចរបស់មន្ត្រីគណៈកម្មការត្រួតពិនិត្យទូក កីឡាករ កីឡាការិនី ព្រមទាំងបញ្ជ្រាបចំណេះដឹងលើផ្នែកសំខាន់ៗជាច្រើនទៀតផងដែរ៕

Most Popular

To Top