ភ្នំពេញ ៖ បិទព្រឹត្តិការណ៍ ការប្រកួតកីឡាតេក្វាន់ដូ WT ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ រប្រកួតប្រព្រឹត្ត នៅសាលា ACE ចាក់អង្រែក្រោមរាជធានីភ្នំពេញ រៀបចំដោយខេមរសហព័ន្ធតេក្វាន់ដូ WT ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភក្រសួងអប់រំ យុវជន និងកីឡាដែលមានក្រុមកីឡាករ-កីឡាការិនីចំនួន២៧ក្លិប មកពីបណ្តាល ខេត្តក្រុងចំនួន៥ ខេត្តសៀបរាម ខេត្តបាត់ដំបង ខេត្តកំពង់ចាម កណ្តាល និងភ្នំពេញ ដែលប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ។
ក្នុងឳកាសការអញ្ជើញ ប្រគល់ជយលាភី ដល់ ក្រុមអត្តពលិកពី សំណាក់លោក ម៉ៅ ស្រេង ប្រធានស្ថាប័ន IDP&ACE កម្ពុជា និងជាអនុប្រធាន ខេមរសហព័ន្ធតេក្វាន់ដូ តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ លោក ប៉ែន វុទ្ធី អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា ជាតំណាងលោក ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា និង លោកស្រី សុខ ធីតា នាយិកាសាលា ACE សាខាចាក់អង្រែក្រោម ។
លោក គង់ សក្ខិដា អគ្គលេខាធិការរងនៃខេមរសហព័ន្ធតេក្វាន់ដូបាននិយាយថា ការប្រកួតកីឡាតេក្វាន់ដូWTជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ អាចដំណើរការ ទៅបាន ដោយសារមានការគាំទ្រ ពីក្រសួងអប់រំ យុវជន និងកីឡា តាមរយៈថវិកាគ្រាំទ្រជួយពន្លឿន ដល់ការអភិវឌ្ឍន៍ របស់ខេមរសហព័ន្ធតេក្វាន់ដូប្រចាំឆ្នាំ២០២១ ទាន់ពេលវេលា ។ សម្រាប់ជាឱកាសដល់កីឡាករ-កីឡាការិនីទាំងអស់ បានបញ្ចេញនូវសមត្ថភាព និងទេពកោសល្យរបស់ខ្លួន ដើម្បីដណ្តើមជយលាភីរៀងៗខ្លួន គោលដៅឆ្ពោះទៅកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។
លោក ម៉ៅ ស្រេង បានមានប្រសាសន៍ថា ប្រកួតកីឡាតេក្វាន់ដូWTជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ ប្រកបដោយភាពជោគជ័យ និងប្រព្រឹត្តទៅ ដោយរលូន ដោយរក្សាបាននូវសុវត្ថិភាព-សុខភាពដល់អ្នកចូលរួម និងគ្រូបង្វឹក កីឡាករ-កីឡាការិនីទាំងអស់ ដែលបានគោរពនូវបទបញ្ជាប្រកួត បានល្អប្រសើរ។ ខ្ញុំសូមថ្លែង អំណរគុណ និងដឹងគុណបំផុត ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងបរិការណ៍ កូវីដ-១៩នាឆ្នាំនេះ បើកឲ្យដំណើរការឡើងវិញ លើគ្រប់វិស័យទូទាំងប្រទេស ដែលបានផ្តល់ឱកាសដល់វិស័យកីឡា ក្នុងនោះខេមរសហព័ន្ធតេក្វាន់ដូ បានរៀបចំកម្មវិធីប្រកួតកីឡាតេក្វាន់ដូWT ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១នេះឡើង ដើម្បីវាស់ស្ទង់បច្ចេកទេស និងសមត្ថភាព របស់ក្រុមកីឡាករកីឡាការិនីទាំងអស់ ត្រៀមជ្រើសរើសចូលក្នុងក្រុមជម្រើសជាតិ ឆ្ពោះទៅកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នាពេលខាងមុខ។
លោកបានបន្តថា ការប្រកួត ឃើញថាប្អូនៗកីឡាករ-កីឡាការិនី ទាំងអស់ ខិតខំប្រឹងប្រែងប្រកួតអស់ពីសមត្ថភាព ដើម្បីដណ្តើមជ័យជំនះ នាពេលនេះ។ ហើយខ្ញុំ សង្ឃឹមថា ប្អូនៗកីឡាករ-កីឡាការិនី ដែលពុំទទួលបានជ័យលាភីក្នុងឆ្នាំនេះ កុំអស់សង្ឃឹម សូមត្រៀមខ្លួន សម្រាប់ការប្រកួតឆ្នាំក្រោយៗទៀត ធម្មតាការប្រកួត តែងតែមានចាញ់ មានឈ្នះហើយ។
ចំពោះលទ្ធផល៖ក្លិបក្រសួងមហាផ្ទៃឈរនៅលើកំពូលតារាងមេដាយ ដោយឈ្នះមេដាយមាស ៤ និងសំរឹទ្ធ១ ក្លិបពិភពថ្មីឈរនៅចំណាត់ថ្នាក់លេខ២ មេដាយមាស ២ ប្រាក់២ និងសំរឹទ្ធ១ ក្លិបសាមគ្គីលេខ៣ មេដាយមាស ២ និងប្រាក់១ ក្លិបមិត្តភាពលេខ៤ មេដាយមាស ប្រាក់២ និងសំរិទ្ធ២ ក្លិបវ៉ុនក្វាង លេខ៥ មេដាយមាស១ ប្រាក់២ និងសំរិទ្ធ និងក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិ លេខ៦ មេដាយមាស១ ប្រាក់១ និងសំរិទ្ធ២៕