កីឡា

ការប្រកួតហែល ទឹកជើងឯក កីឡាថ្នាក់ជាតិ ឆ្នាំ២០២១ ប្រព្រឹត្តនៅខេត្តបាត់ដំបង ដើម្បីអបអរពិធីសម្ពោធ មណ្ឌលហែលទឹក បាត់ដំបង

ភ្នំពេញ ៖ សហព័ន្ធខ្មែរកីឡាហែលទឹក បានប្រកាសបើកព្រឹត្តិការណ៍ ការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ និងអបអរសាទរ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ មណ្ឌលកីឡាហែលទឹកបាត់ដំបង ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី០៨ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ នៅសាកលវិទ្យាល័យ បាត់ដំបង ក្នុងខេត្តបាត់ដំបង ។

លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកបានប្រាប់ឲ្យដឹងថា ការប្រកួតជើងឯកឆ្នាំនេះ សហព័ន្ធដាក់វិញ្ញាសា ៣ផ្នែកធំៗ គឺផ្នែកបុរសចាប់ពីអាយុ១២ ឆ្នាំឡើងមាន១២វិញ្ញាសា ផ្នែកនារី ចាប់ពី១០ឆ្នាំឡើងទៅ មាន១១វិញ្ញាសា មានហែលរបៀបសេរី របៀបកង្កែប ហែលរបៀបផ្ងារ ហែលរបៀបមេអំបៅ ហែលបួនរបៀបឯកត្តជន និង ហែលបណ្តាក់បួនរបៀប (៤x១០០ម៉ែត្រ) ក្នុងចម្ងាយ៥០ម៉ែត្រ ១០០ម៉ែត្រ និង២០០ម៉ែត្រ ។ ចំណែក ឯផ្នែកជនពិការ មានពីរវិញ្ញាសាបុរស គឺហែល៥០ម៉ែត្រ និងហែល១០០ម៉ែត្រររៀបសេរីដូចៗគ្នា សម្រាប់ កម្រិតពិការភាព S3 ដល់ S10 ។

លោកអគ្គលេខាធិការបន្តថា គោលដៅ នៃការរៀបចំការប្រកួតហែលទឹកជើង ឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នៅក្នុងមណ្ឌលហែលទឹកថ្មីនេះ ដើម្បីជាការតេស្តិ៍សាកល្បង នៃគុណភាពអាងហែលទឹក ដែលទើបនឹងសាងសង់រួច សម្រាប់ការប្រកួតផង និង សម្រាប់ការហ្វឹកហាត់ផង។ អាងហែលទឹកខេត្តបាត់ដំបងនេះ បានចំណាយអស់ថវិកាប្រមាណ ២លានដុល្លារអាមេរិកអាចរៀបចំការ ប្រកួតកម្រិតជាតិ និងអាចប្រកួតកម្រិតអន្តរជាតិ ថ្នាក់តំបន់បាន ។

លោក បានបន្ថែមទៀតថា ទន្ទឹមនេះ មណ្ឌលកីឡាហែលទឹកខេត្តបាត់ដំបង នេះត្រូវបានសាងសង់ឡើង ស្របតាមផែនការមេ របស់សហព័ន្ធកីឡាខ្មែរ ហែលទឹក ក្នុងការអភិវឌ្ឍ និងបណ្ដុះបណ្ដាល កីឡាករ-កីឡាការិនីឈុតធំ និងថ្នាលដើម្បីត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍កីឡាថ្នាក់ខេត្ត ថ្នាក់ជាតិ និងការប្រកួតកីឡាSEA GAMES ឆ្នាំ២០២៣ ផងដែរ ៕ដោយ៖លី ភីលីព

Most Popular

To Top