ភ្នំពេញ ៖ ថ្ងៃព្រហស្បតិ៍ ០៤កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានបិទវគ្គបណ្តុះបណ្តាល គ្រូបង្វឹក កីឡាវាយកូនឃ្លីលើតុ កម្រិតមូលដ្ឋាន រយៈពេល៥ថ្ងៃ ដែលបានប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ នៅពហុកីឡដ្ឋាន ខេត្តសៀមរាប ។
សិក្ខាសាលាស្ដីពីការបញ្ជ្រាប នូវចំណេះដឹងកីឡាវាយកូនឃ្លីលើតុ តាមរយៈការបណ្ដុះបណ្ដាល គ្រូបង្វឹកកម្រិតមូលដ្ឋាន ដល់ខេត្តសៀមរាប ចំពោះព្រឹត្តិការណ៍នេះ មានសិក្ខាកាមចូលរួមចំនួន២៧នាក់ ហើយសិក្ខា កាមចូលរួម ក្នុងវគ្គនេះគេនឹងបានដឹង ពីប្រវត្តិនៃកីឡាវាយកូនឃ្លីលើតុ អន្តរជាតិ និងជាតិគេនឹងបានដឹង ពីច្បាប់វាយកូនឃ្លីលើតុ និងច្បាប់នៃការប្រកួត ។ វិធីកំដៅសាច់ដុំ និងបន្ធូរសាច់ដុំ រួមជាមួយរបៀបកាន់រ៉ាកែត និងជំហរប្រុងប្រៀបនេះ ជាការសិក្សាអំពីទ្រឹស្ដី ។
ចំពោះការអនុវត្តន៍លើទីលានវិញនោះ គេនឹងដឹងពីបច្ចេកទេសវាយស្ដាំដៃ អូស និង ទប់ (ផ្លា)ស្ដាំដៃ ។ បច្ចេកទេសវាយឆ្វេងដៃអូស និង ទប់(ផ្លា)ឆ្វេងដៃ ។បច្ចេកទេសនៃការបើកសេវ៉ា ការទទួលសេវ៉ា និង ចាក់ កឹបបាល់ជាដើម ។
លោកស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជាបានបញ្ជាក់ថា ជាមួយនឹងគោលបំណង ដើម្បីបណ្ដុះកីឡាករក្មេងៗ នៅតាមបណ្ដាសាលាជុំវិញខេត្តសៀមរាបនោះ សហព័ន្ធក៏ត្រូវការស្វែងរកក្មេងៗ ជំនាន់ក្រោយឲ្យបានច្រើន ដើម្បីជាថ្នាលសម្រាប់បន្តវេន ព្រោះកីឡាមិនអាចគ្មានអ្នកបន្តវេនបាននោះទេ គឺត្រូវតែមានរលកក្រោយ ដើម្បីមកជំនួសរលកមុខ ។
កីឡាវាយកូនឃ្លីលើតុ គឺជាប្រភេទកីឡាម្យ៉ាង ដែលទាមទារឲ្យអត្តពលិកមិនត្រឹមតែមានភាព រហ័សរហួនតែចលនាប៉ុណ្ណោះទេ តែត្រូវរហ័សទាំភ្នែក មានភាពវាងវៃព្រមទាំងស្គាល់ នូវអត្តចរឹកគូ ប្រកួតទៀតផង ។ សូមបញ្ជាក់ថា នេះជាវគ្គមូលដ្ឋានមែនតែនៅ ពេលបញ្ចប់វគ្គសិក្ខាកាមទាំងអស់ សុទ្ធតែបានទទួលនូវវិញ្ញាបនប័ត្រ ដែលបញ្ជាក់ពីការចូលរួម ។
លោក អគ្គលេខាធិការ បញ្ជាក់ថា សិក្ខាកាមដែលចូលរួមក្នុងវគ្គនេះ សុទ្ធតែបានទទួលលទ្ធផលល្អ ។ លោកបន្ដថាទោះបីនេះ ជាវគ្គមូលដ្ឋាន ក៏ពិតមែន តែពួកគេអាចមានឧិកាស ដើម្បីពង្រីកសមត្ថភាព ដើម្បីបន្តទីសិក្សានៅវគ្គ ដែលមានកម្រិតខ្ពស់ៗ ជាងនេះបានតទៀត ៕