កីឡា

លោក គង់ សោភ័ណ្ឌ អញ្ជើញបើកការប្រកួត កីឡាបាល់ទាត់ និងកីឡាប៉េតង់ នៅខេត្តកណ្តាល ដើម្បីអបអរសាទរខួបលើកទី៤៣ ទិវាជ័យជម្នះ ៧ មករា


ខេត្តកណ្តាល៖ លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការប្រកួតកីឡាបាល់ទាត់ និងកីឡាប៉េតង់ នៅខេត្តកណ្តាល ដើម្បីអបអរសាទរខួបលើកទី៤៣ ទិវាជ័យជម្នះ ៧ មករា ឆ្នាំ២០២២ នៅកីឡដ្ឋានក្រុងតាខ្មៅ ខេត្តកណ្តាល ។

នៅក្នុងពិធីនេះលោកអភិបាលខេត្ត បានសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយជាមួយកីឡាករទាំងអស់ក្នុងកម្មវិធីប្រកួតនេះ ដែលជាឱកាសដ៏វិសេសវិសាលជាប្រវត្តិសាស្រ្តនៃជីវិតរបស់ប្រជាជនកម្ពុជាយើងទាំងអស់គ្នា ព្រោះថ្ងៃ ៧ មករា ជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជាជាថ្ងៃដែលប្រជាជនកម្ពុជាគ្រប់រូបមិនអាចបំភ្លេចបានអស់មួយជីវិត ហើយក៏ជាប្រវត្តិសាស្រ្តដ៏ជូរចត់ ឈឺចាប់ខ្លោចផ្សា។

លោកបន្តថា មហាវិនាសកម្មនេះ សូមប្អូនៗ ក្មួយៗ កូនចៅ ជំនាន់ក្រោយ ត្រូវតែចង់ចាំ ដើម្បីផ្សព្វផ្សាយបន្ត ដល់មនុស្សជំនាន់ក្រោយទៀត សំដៅធ្វើឱ្យថ្ងៃ ៧ មករាស្ថិតនៅជាអមតៈក្នុងក្រអៅបេះដូងប្រជាជនកម្ពុជាគ្រប់ៗជំនាន់ ។

សូមជម្រាបថា ការប្រកួតកីឡាប៉េតង់ និងកីឡាបាល់ទាត់អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៣ ទិវាជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩-២០២២ មានរយៈពេល ៧ថ្ងៃគឺចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៤ ខែមករា ហើយក្រុមដែលបានដាក់ពាក្យចូលរួមក្នុងការប្រកួតនេះសរុបមានកីឡាករ កីឡាការិនី ចំនួន ៥២៥ នាក់ ស្រី ១២ នាក់ ចែកចេញជា២ផ្នែកគឺ៖ ១.ផ្នែកកីឡាបាល់ទាត់មានចំនួន ១៩ ក្រុម ស្មើនឹង ៤៣៧ នាក់ និង២.ផ្នែកកីឡាប៉េតង់មានចំនួន ២២ ក្រុម ស្មើនឹង ៨៨ នាក់ ៕ដោយ:លី ភីលីព

Most Popular

To Top