ភ្នំពេញ ៖ ក្រុមស្រលាញ់សន្តិភាព ភ្នំពេញគ្រងតំណែងជើងឯក នៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ ៧មករាតេជោសន្តិភាព រដូវកាលទី៦ ឆ្នាំ២០២២ ដើម្បីអបអរសាទរ ទិវាជ័យជម្នះ ៧មករាខួបលើកទី ៤៣ ថ្ងៃទី ៧ ខែមករា ឆ្នាំ២០២២ ដោយក្រុមកីឡាចូលរួម ប្រកួតមានចំនួន៦ក្រុម មានក្រុមជាតិ និងអន្តរជាតិ ក្រោមគំនិតផ្តួចផ្តើមដោយលោក ជុំ កុសល ទីប្រឹក្សាផ្ទាល់ សម្តេចតេជោ ហ៊ុន សែន និងរដ្ឋលេខាធិការនៃក្រសួងព័ត៌មាន និងប្រធានសម្ព័ន្ធយុវជន ស្រលាញ់សន្តិភាព ។
ក្រុមស្រលាញ់សន្តិភាពភ្នំពេញ បានគ្រងតំណែងជើងឯកជាលើកដំបូង បន្ទាប់ពីក្រុមយកឈ្នះ ក្រុមបាល់ទាត់វ័យចាស់ទ័ពលទ្ធផល បច្ចេកទេស១ទល់០ នៅផ្តាច់ព្រ័ត្រ ដូច្នេះក្រុមបាល់ទាត់ជើងឯក វ័យចាស់ទ័ព បានត្រឹមជើងឯករង ចំណែកក្រុមបាល់ទាត់គួរបៃឌីកា ជាប់ចំណាត់ថ្នាក់លេខ៣ ក្រោយឈ្នះក្រុមបាល់ទាត់យុវជន វិមាន៧ មករា លទ្ធផលបច្ចេកទេស៧ទល់៣ ។
ការប្រកួតនេះជាគំនិតផ្តួចផ្តើម ដោយលោក ជុំ កុសល ប្រធានសម្ព័ន្ធយុវជនស្រលាញ់ សន្តិភាពធ្វើឡើងក្នុងគោលបំណង ចូលរួមលើកស្ទួយវិស័យកីឡា នៅកម្ពុជា ក៏ដូចជាកៀងគរ នូវមន្ត្រីរាជការ និងបងៗពូ ដែលមានវ័យចំណាស់នៅគ្រប់វិស័យ ឲ្យចូលរួមលេងកីឡា ជាគំរូ ដ៏ល្អដល់យុវជន ឲ្យចូលរួមក្នុង គ្រប់ទម្រង់ កីឡា ជាផ្នែកមួយ អាចជួយដល់យុវជនគ្រប់មជ្ឈដ្ឋាន ចេញឆ្ងាយពីអំពើឧបាយមុខ ផ្សេងៗបាន និងពង្រឹងសុខភាព បង្កើតមិត្តភាព ក៏ដូចជាគាំទ្រ យ៉ាងមុតមាំ ចំពោះអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យកីឡា ។
ព្រមទាំងពង្រឹងនូវចំណង សាមគ្គីភាពរវាងក្រុមកីឡាករវ័យចំណាស់ នៃស្ថាប័ននានា ក្នុង ព្រះរាជាណាចក្រកម្ពុជា ឲ្យមានទំនាក់ទំនងកាន់ តែប្រសើរនឹងគ្នាឡើង ទ្វេរដង ព្រោះកីឡា ជាប្រភពយ៉ាងពិតប្រាកដ នាំមកនូវ “សុខភាព មិត្តភាព សាមគ្គីភាព និងសន្តិ៣ព” ក្រោមម្លប់សន្តិភាព ពិតប្រាកដក្នុងសម័យតេជោ ។
រៀបចំការប្រកួត កីឡាបាល់ទាត់ ពានរង្វាន់៧មករាតេជោសន្តិភាពដើម្បី ចូលរួមអបអរសាទរ ខួបលើកទី៤៣ ទិវាជ័យជម្នះ ៧មករា ព្រោះថាយើងទាំង អស់គ្នា មានឪកាសជួបជុំគ្នា លេងកីឡា បាល់ទាត់ពង្រឹងសុខភាព បង្កើតមិត្តភាព រឹតចំណងសាមគ្គីភាព ដោយគ្មានការបារម្មណ៍ភ័យព្រួយដូចសព្វថ្ងៃនេះ គឺបានមក ពី បុព្វហេតុចម្បង នៃថ្ងៃ៧មករា មានន័យថា មានថ្ងៃ៧មករា ទើបមានសន្តិភាពពេញបរិបូរណ៍ ដូចសព្វថ្ងៃនេះ …ជយោ! ទិវាជ័យជម្នះ ៧មករា ! អរគុណសន្តិភាព ! ៕ដោយ៖លី ភីលីព