អតីតម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ Mike Tyson កំពុងស្ថិតក្នុងការពិភាក្សាប្រកួតបែបមិត្តភាពជាមួយនឹងតារាយូធូប Jake Paul ដែលសង្ឃឹមថានឹងរកចំណូលបានពីការប្រកួតនេះដល់ទៅ៣៦លានផោន។
Tyson វ័យ៥៥ ឆ្នាំបានត្រឡប់មកកាន់សង្វៀនវិញកាលពីឆ្នាំ២០២០ បន្ទាប់ពីអវត្តមានរយៈពេល១៥ឆ្នាំ។ កាលនោះគេបានប្រកួតជាមួយនឹង Roy Jones Jr ក្នុងទីក្រុង Los Angeles លទ្ធផលបានត្រឹមស្មើគ្នាប៉ុណ្ណោះ។
Tyson ពេលនេះត្រូវបានរាយការណ៍ថាគ្រោងនឹងត្រឡប់ឡើងសង្វៀនជាថ្មីម្ដងទៀត ប៉ុន្តែលើកនេះត្រូវប្រឈមមុខជាមួយបុរសវ័យ២៤ឆ្នាំ Paul ដែលមានកំណត់ត្រាប្រកួតឈ្នះ ៥-០។ អ្នកទាំងពីរមានអាយុខុសគ្នាដល់ទៅជាង៣០ឆ្នាំ។
ប្រភពបានបញ្ជាក់ថា គ្រប់យ៉ាងកំពុងស្ថិតការចរចាគ្នា ហើយប្រសិនបើអ្វីៗត្រូវរ៉ូវគ្នាការប្រកួតនឹងកើតឡើង។ អ្នករៀបចំកម្មវិធីសង្ឃឹមថា ការប្រកួតនេះនឹងអាចរកចំណូលបាន៣៦លានផោនពីការ Live និងលក់សិទ្ធិទស្សនា៕