ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ឱបកម្ពុជា បានប្រកាសបើកព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ឱប ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ នៅទីលានបាល់ទាត់វិទ្យាល័យ ជា ស៊ីម បឹងកេងកង រាជធានីភ្នំពេញ ដើម្បីចម្រាញ់រកកីឡាករ-កីឡាការិនីឆ្នើម ចូលរួមក្រុមជម្រើសជាតិក្នុងការត្រៀមខ្លួន ការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ។
លោក ពេជ្រ រតនា អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ឱបកម្ពុជា បានប្រាប់ឲ្យដឹងថា ការប្រកួតប្រចាំឆ្នាំនេះ ដើម្បីសម្រិតសម្រាំងម្ចាស់ជ័យលាភីប្រចាំឆ្នាំ២០២១ក្រោមការឧបត្ថម្ភថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា។ ការប្រកួតកីឡាបាល់ឱបជ្រើសរើស ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ មានក្រុមចូលរួមសរុបចំនួន១០ក្រុម ក្នុងនោះមានក្រុមឈុតធំ៥ក្រុម ឈុតនារី២ក្រុម និងឈុតយុវជនចំនួន៣ក្រុម។
ការប្រកួតជើងឯកថ្នាក់ជាតិ គឺជាការប្រកួតប្រជែង កម្រិតបច្ចេកទេសខ្ពស់បំផុត ប្រចាំឆ្នាំនីមួយៗ ដើម្បីស្វែងរកធនធានកីឡាករ កីឡាការិនីប្រកបដោយគុណភាព ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ក្នុងការត្រៀមលក្ខណៈឱ្យបានរឹងមាំ ក្នុងគោលដៅឈានឆ្ពោះទៅ ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា ខណៈប្រភេទកីឡាបាល់ឱបកម្ពុជាក៏ត្រៀមលក្ខណៈនៃការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ដូចគ្នាផងដែរ។
គួរបញ្ជាក់ថា សម្រាប់កញ្ចប់ថវិកាគាំទ្រ របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលផ្តល់ជូនសម្រាប់សហព័ន្ធកីឡាជាតិនានា ប្រចាំឆ្នាំនីមួយៗត្រូវបានបែងចែកជាគោលការណ៍ សម្រាប់ការងារដ្ឋបាល២០ភាគរយ វគ្គបណ្តុះបណ្តាលធនធាន ៣៥ភាគរយ និងការប្រកួតជើងឯកថ្នាក់ជាតិ ៤៥ភាគរយ៕ ដោយ៖លី ភីលីព