ភ្នំពេញ៖ ការបញ្ចប់ព្រឹត្តិការណ៍ការប្រកួតកីឡា វាយកូនបាល់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ទទួលបានលទ្ធផល លើសពីការរំពឹងទុក របស់គណកម្មការ ហើយការប្រកួតរយៈពេល៤ថ្ងៃនោះ ក្រុមកីឡាវាយកូនបាល់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រងតំណែងជើងឯក ខណៈក្រសួងការពារជាតិ ឈរលំដាប់លេខ២ លើតារាងប្រកួតប្រចាំឆ្នាំ២០២១។
ក្នុងឳកាសពិធីបិទការប្រកួតជាផ្លូវការ ដោយមានការអញ្ជើញចូលរួមលោកស្រី ស៊ុ សុខា អនុប្រធានសហព័ន្ធ កីឡាវាយកូនបាល់កម្ពុជា លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធ កីឡាវាយកូនបាល់កម្ពុជា និងលោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា។
លោក ជា ពៅ អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បញ្ជាក់ថា ការប្រកួតឆ្នាំនេះចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ នៅទីលានវាយកូនបាល់ CCC ព្រឹត្តិការណ៍នេះរៀបចំឡើង ដោយសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ក្រោមការប្រើប្រាស់របស់ក្រសួងអប់រំ យុវជន និងកីឡា។ ដោយមានកីឡាករ-កីឡាការិនីចំនួន៥៧រូបមកពី៨អង្គភាព កីឡារួមមានក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ច ខេត្តសៀមរាប ខេត្តព្រះវិហារ ក្លិបអរុណរះ អូឡាំពិក ខេត្តបាត់ដំបង និងខេត្តកែប លើ៤វិញ្ញាសា គឺវិញ្ញាសាវាយឯកត្តជនបុរស វិញ្ញាសាវាយឯកត្តជននារី វិញ្ញាសាវាយជាក្រុមបុរស និងវិញ្ញាសាវាយយុវជនក្រោមអាយុ១៨ឆ្នាំ។
លោកបានបន្តថា ព្រឹត្តិការណ៍កីឡាវាយកូនបាល់ ជើងឯកថ្នាក់ជាតិ ដែលបានដំណើរការ អស់រយៈពេល ៤ថ្ងៃនេះ ធ្វើឡើងក្រោម គម្រោងគម្រោងថវិកាគាំទ្រ របស់ក្រសួងអប់រំយុជននិងកីឡា។ មន្ត្រី និងអនុគណៈកម្មការ គ្រប់ផ្នែកទាំងអស់ បានបំពេញតួនាទី ដោយការទទួលខុសត្រូវខ្ពស់លើ ភារកិច្ចរបស់ខ្លួន៕ ដោយ៖លី ភីលីព