កីឡា

ខេត្តកំពង់ស្ពឺ និងខេត្តសៀមរាប កំពុងប្រកួតប្រជែង មេដាយគ្នា នៃការប្រកួតកីឡាវ៉ូវីណាម ជើងឯកថ្នាក់ជាតិ២០២១

ភ្នំពេញ៖ ក្រុមកីឡាវ៉ូវីណាមខេត្តសៀមរាប និងក្រុមកីឡាវ៉ូវីណាមខេត្តកំពង់ស្ពឺ រយៈពេល២ថ្ងៃនេះ កំពុងប្រជែងមេដាយគ្នាយ៉ាងខ្លាំង ការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ដែលនឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ខែមករា ឆ្នាំ២០២២ នៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ។

លោក យ៉ាំ ថៃសាន អគ្គលេខាធិការ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានមានប្រសាសន៍ថា ការប្រកួតឆ្នាំនេះ ក្រុមកីឡាវ៉ូវីណាមខេត្តសៀមរាប និងក្រុមកីឡាវ៉ូវីណាមខេត្តកំពង់ស្ពឺ ជាក្រុមការកីឡាករ-កីឡាការិនី រីកចម្រើនខ្លាំងលើសពីការរំពឹង របស់សហព័ន្ធទៅទៀត ដោយក្រុមទំាងឈ្នះ មេដាយមាស២គ្រឿងដូចគ្នា រីឯមេដាយប្រាក់ ក្រុមកីឡាវ៉ូវីណាមខេត្តសៀមរាប ទទួលបាន៣គ្រឿង ចំណែកក្រុមកីឡាវ៉ូវីណាមខេត្តកំពង់ស្ពឺ ទទួលបាន២គ្រឿង។

លោកបានបន្តថា ចំពោះមេដាយសំរិទ្ធ ក្រុមកីឡាវ៉ូវីណាមខេត្តសៀមរាប ទទួលបាន២គ្រឿង ចំណែកក្រុមកីឡាវ៉ូវីណាម ខេត្តកំពង់ស្ពឺ ទទួលបាន៣គ្រឿងវិញ ដូច្នេះក្រុមទំាង២នេះ កំពុងប្រកួតប្រជែង យកចំណាត់ថ្នាក់លេខ២ ខណៈក្រុមកីឡាវ៉ូវីណាម ក្រសួងការពារជាតិ ឈរកំពូលតារាងការប្រកួតដដែល។

បញ្ជាក់៖ក្លិបចូលរួមចំនួន ៩ ដែលមានកីឡាករ-កីឡាការិនី៥៨នាក់ ក្នុងនោះកីឡាការិនី២៤នាក់ ហើយនឹងប្រតិភូចំនួន២៨នាក់ ក្លិបរួមមានក្រុមកីឡាវ៉ូវីណាមខេត្តស្វាយរៀង ក្រុមកីឡាវ៉ូវីណាមក្រសួងការពារជាតិ ក្រុមកីឡាវ៉ូវីណាមតាឡី ក្រុមកីឡាវ៉ូវីណាមក្រសួងមហាផ្ទៃ ក្រុមកីឡាវ៉ូវីណាមខេត្តត្បូងឃ្មុំ ក្រុមកីឡាវ៉ូវីណាមខេត្តប៉ៃលិន ក្រុមកីឡាវ៉ូវីណាមខេត្តកំពង់ស្ពឺ ក្រុមកីឡាវ៉ូវីណាមខេត្តស្វាយរៀង និងក្រុមកីឡាវ៉ូវីណាមខេត្តសៀមរាប។

ការប្រកួតជើងឯកឆ្នាំនេះ សហព័ន្ធដាក់វិញ្ញាសា ៣ផ្នែកធំៗ គឺវិញ្ញាសាមេគុនមឯកត្តជនបុរស-នារី មានចំនួន៦គឺ ហ្គ័រង្វៀង ថាប់ថឹង្វៀង និងមេគុនដាវ រីឯវិញ្ញាសាមេគុនក្រុម និងចម្រុះ ៣នាក់ មានចំនួន២ គឺហ្គ័រង្វៀង និងដុងដូយហ្គ័រង្វៀង ចំណែកវិញ្ញសាប្រយុទ្ធ បែងចេញជា២ផ្នែកគឺ នារីមានប្រភេទទម្ងន់រួមមាន ៤៨គ.ក្រ ៥១គ.ក្រ ៥៤គ.ក្រ និង៥៥គ.ក្រ និងបុរសវិញ ៥១គ.ក្រ ៥៥គ.ក្រ ៥៧គ.ក្រ និង៦៥គ.ក្រ៕ ដោយ៖លី ភីលីព

Most Popular

To Top