កីឡា

ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ នៅតែជាក្រុម លេចធ្លោយជាងគេ នៃការប្រកួតកីឡាវ៉ូវីណាម ជើងឯកថ្នាក់ជាតិរាល់ឆ្នាំ

ភ្នំពេញ៖ ក្រុមកីឡាវ៉ូវីណាមក្រសួងមហាផ្ទៃ និងក្រុមកីឡាវ៉ូវីណាម ក្រសួងការពារជាតិ ដណ្តើមបានមេដាយមាសច្រើនជាងគេ ដូចគ្នាសម្រាប់ព្រឹត្តិការណ៍ ការប្រកួតកីឡា វ៉ូវីណាម ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ដែលនឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ខែមករា ឆ្នាំ២០២២ នៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ រៀបចំដោយសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ក្រោមការប្រើប្រាស់ថវិកា ក្រសួងអប់រំ យុវជន និងកីឡា។

ក្នុងឳកាសបិទការប្រកួតកីឡា វ៉ូវីណាម ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមបំពាក់មេដាយ និងប្រគល់ជយលាភីពីសំណាក់ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា និងកីឡាករ-កីឡាការិនីទំាងអស់។

ការប្រកួតឆ្នាំនេះក្រុមកីឡាវ៉ូវីណាម ក្រសួងការពារជាតិ នៅតែរក្សាតំណែងរបស់ខ្លួន ដោយដណ្តើមមេដាយ សរុបចំនួន១០គ្រឿង ក្នុងនោះមេដាយមាស៦គ្រឿង ក្រុមកីឡាវ៉ូវីណាមក្រសួងមហាផ្ទៃ ឈរលេខ២ ដណ្តើមមេដាយមាស៣គ្រឿង ក្រុមកីឡាវ៉ូវីណាម ខេត្តសៀមរាប ក្រុមកីឡាវ៉ូវីណាមស្វាយរៀង និងក្រុមកីឡាវ៉ូវីណាមខេត្តកំពង់ស្ពឺ ឈ្នះមេដាយមាស២គ្រឿងដូចគ្នា រីឯមេដាយប្រាក់ក្រុមកីឡាវ៉ូវីណាម ខេត្តសៀមរាប ទទួលបាន៣គ្រឿង ចំណែកក្រុមកីឡាវ៉ូវីណាម ខេត្តកំពង់ស្ពឺ ទទួលបាន២គ្រឿង។

ចំពោះមេដាយសំរិទ្ធ ក្រុមកីឡាវ៉ូវីណាមខេត្តសៀមរាប ទទួលបាន២គ្រឿង ចំណែកក្រុមកីឡាវ៉ូវីណាមខេត្តកំពង់ស្ពឺ ទទួលបាន៤គ្រឿងវិញ ក្រុមកីឡាវ៉ូវីណាមស្វាយរៀង មេដាយប្រាក់ទទួលបាន២គ្រឿង។

លោក យ៉ាំ ថៃសាន អគ្គលេខាធិការ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានមានប្រសាសន៍ថា ការប្រកួតនេះមានក្លិបចូលរួមចំនួន ៩ ដែលមានកីឡាករ-កីឡាការិនី៥៨នាក់ ក្នុងនោះកីឡាការិនី២៤នាក់ ហើយនឹងប្រតិភូ ចំនួន២៨នាក់ ក្លិបរួមមានក្រុមកីឡាវ៉ូវីណាម ខេត្តស្វាយរៀង ក្រុមកីឡាវ៉ូវីណាមក្រសួងការពារជាតិ ក្រុមកីឡាវ៉ូវីណាមតាឡី ក្រុមកីឡាវ៉ូវីណាមក្រសួងមហាផ្ទៃ ក្រុមកីឡាវ៉ូវីណាមខេត្តត្បូងឃ្មុំ ក្រុមកីឡាវ៉ូវីណាមខេត្តប៉ៃលិន ក្រុមកីឡាវ៉ូវីណាមខេត្តកំពង់ស្ពឺ ក្រុមកីឡាវ៉ូវីណាមខេត្តស្វាយរៀង និងក្រុមកីឡាវ៉ូវីណាមខេត្តសៀមរាប។

លោកបានបន្តថា ការប្រកួតជើងឯកឆ្នាំនេះ សហព័ន្ធដាក់វិញ្ញាសា ៣ផ្នែកធំៗ គឺវិញ្ញាសាមេគុនមឯកត្តជនបុរស-នារី មានចំនួន៦គឺ ហ្គ័រង្វៀង ថាប់ថឹង្វៀង និងមេគុនដាវ រីឯវិញ្ញាសាមេគុនក្រុម និងចម្រុះ ៣នាក់ មានចំនួន២ គឺហ្គ័រង្វៀង និងដុងដូយហ្គ័រង្វៀង ចំណែកវិញ្ញសាប្រយុទ្ធ បែងចេញជា២ផ្នែកគឺ នារីមានប្រភេទទម្ងន់រួមមាន ៤៨គ.ក្រ ៥១គ.ក្រ ៥៤គ.ក្រ និង៥៥គ.ក្រ និងបុរសវិញ ៥១គ.ក្រ ៥៥គ.ក្រ ៥៧គ.ក្រ និង៦៥គ.ក្រ ៕ ​ដោយ៖លី ភីលីព

Most Popular

To Top