កីឡា

លោក ជា ប៊ុនហេងនាំយក ថវិកាលើកទឹកចិត្ត សម្តេចក្រឡាហោម ស ខេង ប្រគល់ឲ្យក្រុមអត្តពលិកវ៉ូវីណាម និងតេក្វាន់ដូ “ITF”ឈ្នះមេដាយការប្រកួតជើងឯកថ្នាក់ជាតិ ២០២១

ភ្នំពេញ៖ លោក ជា ប៊ុនហេង អនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ និងអគ្គលេខាធិការក្រុមប្រឹក្សា កីឡាក្រសួងមហាផ្ទៃ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ តំណាងឲ្យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តដល់កីឡា២ប្រភេទរបស់ក្រសួងមហាផ្ទៃ ដែលដណ្តើមមេដាយមាស ប្រាក់ និងសំរិទ្ធជូនអង្គភាព ពីព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូ “ITF” ជ្រើសរើសជើងឯកថ្នាក់ជាតិ ២០២១ និងព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកថ្នាក់ជាតិ ២០២១ នៅមជ្ឈមណ្ឌលកីឡានរគបាលជាតិកម្ពុជា។

លោក ជា ប៊ុនហេង បានមានប្រសាសន៍ថា ជោគជ័យដែលក្រុមកីឡាករ-កីឡាការិនីរបស់ក្រសួងមហាផ្ទៃ ទទួលបាននេះពិតជាពុំអាចខ្វះបានឡើយនូវការ យកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ពីសំណាក់ឲ្យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយសម្តេច តែងតែយកចិត្តទុកដាក់ យ៉ាងជ្រោមជ្រៅជានិច្ចចំពោះក្រុមកីឡាករ-កីឡាការិនី ទំាងនេះ គឺជារួមចំណែកដ៏ធំធេងមួយ ក្នុងការចូលរួមអភិឌ្ឍវិស័យកីឡានៅកម្ពុជា។

លោកកើនរម្លឹកដល់ក្រុមកីឡាករ-កីឡាការិនីទំាង២ប្រភេទ ក៏ដូចជាក្រុមអត្តពលិករបស់ក្រសួងមហាផ្ទៃ ផ្សេងៗទៀតត្រូវបន្តប្រឹងប្រែងហ្វឹកហាត់ គោពរវិន័យ ដើម្បីត្រៀមខ្លួនប្រកួតប្រជែង យកមេដាយឲ្យបានកាន់តែច្រើនបន្ថែមទៀត ក្នុងការប្រកួតកីឡាជាតិ និងអន្តរជាតិ ជាពិសេសការប្រកួតកីឡា SEA GAMES 2021 លើកទី៣១  នៅប្រទេសវៀតណាម នាខែឧសភាព ឆ្នាំ២០២២។

ចំពោះក្រុមកីឡាដែលទទួលដណ្តើមមេដាយ រួមមានក្រុមកីឡាវ៉ូវីណាមដណ្តើមមេដាយ ៦ គ្រឿងក្នុងមេដាយ ៣គ្រឿង ប្រាក់ ១ និងសំរិទ្ធ២ សម្រាប់កីឡាករ-កីឡាការិនី ឈ្នះមេដាយមាសទទួលបានលើកទឹកចិត្ត ៣០ ម៉ឺនរៀល មេដាយប្រាក់ទទួលបាន លើកទឹកចិត្ត ២០ ម៉ឺនរៀល និងមេដាយសំរិទ្ធ ទទួលបានលើកទឹកចិត្ត ១០ ម៉ឺនរៀលក្នុងមេដាយមួយគ្រឿង រីឯកីឡាករ-កីឡាការិនីគ្មានមេដាយទទួលបាន៥ម៉ឺនរៀលក្នុងមួយម្នាក់ និងគ្រូបង្វឹកទទួលបានលើកទឹកចិត្ត ១០ ម៉ឺនរៀលក្នុងមួយម្នាក់។

ចំណែកក្រុមកីឡាតេក្វាន់ដូ “ITF” ដណ្តើមមេដាយ ២១ គ្រឿងក្នុងមេដាយ ៦ គ្រឿង ប្រាក់ ៩ និងសំរិទ្ធ៦ សម្រាប់កីឡាករ-កីឡាការិនីឈ្នះមេដាយមាសទទួលបាន លើកទឹកចិត្ត ៣០ ម៉ឺនរៀល មេដាយប្រាក់ទទួលបានលើកទឹកចិត្ត ២០ ម៉ឺនរៀល និងមេដាយសំរិទ្ធទទួលបានលើកទឹកចិត្ត ១០ ម៉ឺនរៀល ក្នុងមេដាយមួយគ្រឿង រីឯកីឡាករ-កីឡាការិនីគ្មានមេដាយទទួលបាន៥ម៉ឺនរៀល ក្នុងមួយម្នាក់ និងគ្រូបង្វឹកទទួលបាន លើកទឹកចិត្ត ១០ ម៉ឺនរៀលក្នុងមួយម្នាក់៕ ដោយ៖លី ភីលីព

Most Popular

To Top