ខ្សែប្រយុទ្ធ Erling Haaland ត្រូវបានសារព័ត៌មាន L’Equipe ចុះផ្សាយថា ជាគោលដៅយកមកជំនួស ខ្សែប្រយុទ្ធ Kylian Mbappe នៅរដូវកាលក្ដៅខាងមុខ ក្នុងករណីកីឡាករសញ្ជាតិបារាំងរូបនេះ មិនព្រមតកុងត្រាថ្មី។
បើតាមព័ត៌មានជាច្រើនកន្លងមក ចំពោះជំហររបស់ Mbappe នៅ PSG នៅតែមិនទាន់ច្បាស់លាស់ ដោយគេមិនព្រមទាន់តកុងត្រា ខណៈកុងត្រានឹងចប់ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ខាងមុខ ដោយសារតែគេចង់ផ្លាស់ទៅ Real Madrid នៅរដូវកាលក្ដៅខាងមុខ ដូចកាលរដូវកាលក្ដៅមុនអញ្ចឹង រីឯ Real ក៏ត្រៀមរួចរាល់ចង់បានគេផងដែរ។
យ៉ាងណា PSG នៅតែបង្ហាញជំហរ ចង់ឲ្យគេបន្តកុងត្រាជាមួយខ្លួន តែដើម្បីត្រៀមក្នុងករណីគេ នៅតែមិនបន្តកុងត្រាថ្មី ក្លឹបបារាំងនេះនឹងប្រើ Plan B របស់ខ្លួនគឺផែនការត្រៀមយក Haaland ធ្វើជាកីឡាករជំនួស ដោយនៅខណៈនេះពួកគេកំពុងទាក់ទងភ្នាក់ងារ ខ្សែប្រយុទ្ធរូបនេះហើយ បើតាមប្រភពខាងលើ។
បើតាម Sport Bild ចំពោះ Dortmund មិនចង់ឲ្យ Haaland ចាកចេញពីក្លឹបពួកគេឡើយ ដោយចង់ឲ្យគេនៅបន្តប៉ុន្តែ ខ្សែប្រយុទ្ធហាក់មានបំណង ចង់ចាកចេញពីក្លឹបនេះ នៅរដូវកាលក្ដៅខាងមុខ ខណៈនៅពេលនេះមានក្លឹបជាច្រើនចង់បានគេដូច PSG ខាងលើនេះ, Barca, Real, Man Utd និង Man City ជាដើម៕ Source: Sabay