ភ្នំពេញ ៖ ក្រុមបាល់ឳបកុមារា រាជសីហ៍ និងក្រុមបាល់ឳបកុមារី Blue Sky បានគ្រងតំណែងជើងឯក នៃព្រឹត្តិការណ៍ការប្រកួត កីឡាបាល់ឱប ពាក់កណ្តាលរដូវកាល នៃកម្មវិធី Reconnect ក្រោយពីយកឈ្នះលើកគូប្រកួត នៅវគ្គផ្តាច់ព្រ័ត្រក្រោមការរៀបចំ របស់សហព័ន្ធកីឡាបាល់ ឱបកម្ពុជា និងអង្គការ ChildFundRugby នៅថ្ងៃ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីលានវិទ្យាល័យ ជា ស៊ីម បឹងកេងកង រាជធានីភ្នំពេញ ។
ការប្រកួតខាងលើកនេះ មានក្រុមចូលរួមចំនួន២០ក្រុម ក្នុងនោះកុមារាមាន១០ក្រុម និងកុមារីមាន១០ក្រុម ដោយការប្រកួតគណៈកម្មការ តម្រូវឲ្យកីឡាករ-កីឡាការិនី ដាក់កន្សែងជាប់នឹងចង្កេះ កីឡាករ-កីឡាការិនីមិនឲ្យរត់បុកឡើយ ព្រោះពួកគាត់នៅជាកុមារភាព ដូច្នេះតម្រូវទាញកន្សែង ជាប់នឹងចង្កេះវិញ ។
ចំពោះប្រកួតវគ្គផ្តាច់ព្រ័ត្រផ្នែកកុមារា៖ក្រុមបាល់ឳបកុមារា រាជសីហ៍បានយកឈ្នះលើក្រុមបាល់ឳបកុមារា Duck ដោយលទ្ធផលបច្ចេកទេស២ទល់០ ( ១០ពិន្ទុទល់០) និងក្រុមបាល់ឳបកុមារី Blue Sky បានយកឈ្នះលើក្រុមបាល់ឳបកុមារី King Tiger ដោយលទ្ធផលបច្ចេកទេស២ទល់០ ( ១០ពិន្ទុទល់០)។
លោក លន់ សាមឌី អនុប្រធាន សហព័ន្ធ កីឡាបាល់ឱបកម្ពុជា បានចាត់ទុកថា ព្រឹត្តិការណ៍ បាល់ឱប Reconnect គឺជាការអភិឌ្ឍ ធនធានកីឡាករ-កីឡាការិនី ថ្នាលបាល់ឱបត្រៀមឆ្ពោះទៅ ទទួលទទួលរៀបចំ ធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ី (ASIAN Youth Games) លើកទី៥ នាឆ្នាំ២០២៩ ខាងមុខ ។ នេះជាលើកដំបូង បន្ទាប់ពីសហព័ន្ធកីឡាបាល់ ឱបកម្ពុជា បានចាប់ដៃគូជាមួយ Child Fund Rugbyនិងក្រោយពីក្លាយ ជាសមាជិកពេញ សិទ្ធិរបស់សហព័ន្ធកីឡាបាល់ឱបអាស៊ី ដោយព្រឹត្តិការណ៍នេះជួយជំរុញ ដល់ការបណ្តុះបណ្តាលថ្នាលកីឡាបាល់ឱប ហើយក៏ជាផ្នែក ដ៏សំខាន់មួយ ដើម្បីបន្តដំណើរការអភិវឌ្ឍធនធានឱ្យកាន់តែសម្បូរបែប និងគុណភាពជាជំហានៗ។
លោកបានបន្តថា ព្រឹត្តិការណ៍នេះទទួលបានការឧបត្ថម្ភពីសហព័ន្ធកីឡាបាល់ ឱបអាស៊ីតាមរយៈ Child Fund Rugby ប៉ុន្តែថែមទាំងបានលើក កម្ពស់ដល់ក្មេង ៗ បានឈ្វេងយល់បន្ថែម ពីការអប់រំកាយ ទំនាក់ទំនងគ្នា និងធ្វើការជាក្រុម ក្នុងការលេងកីឡាបាល់ឱបជាជំហានដំបូងផងដែរ ។
លោក លន់ សាមឌី បន្ថែមទៀតថា តាមរយៈចក្ខុវិស័យរបស់ សហព័ន្ធបាល់ឱបកម្ពុជា ក៏ដូចជាដៃគូអភិវឌ្ឍន៍ Child Fund Rugby និងសហ័ន្ធបាល់ឱបអាស៊ី នឹងជំរុញបន្ថែមដល់ការ អភិវឌ្ឍធនធាន ឱ្យកាន់តែល្អប្រសើរ នាថ្ងៃខាងមុខ ពីព្រោះថា បច្ចុប្បន្នយើងមានគ្រូបង្គោលជាង ២០នាក់ ដែលកំពុងបណ្តុះបណ្តាល ធនធាន នៅតាមសាលារៀននានា ។
លោក Chris Mastaglio នាយក Child Fund Rugby បាននិយាយថា នេះជាព្រឹត្តិការ ណ៍ដំបូង ដែលត្រូវរៀបចំឡើងសម្រាប់ក្មេងៗ ក្រោយធូរស្រាល ពីវិបត្តិជំងឺCOVID-19 និងជាឱកាសល្អសម្រាប់ពួកគេបាន ចូលរួមប្រកួតកីឡាលើទីលាន ។
ជាមួយនឹងគោលដៅ រួម នៃការទទួលធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី ២០២៩នោះ លោកបានផ្តល់ជាទស្សនៈរបស់លោកកំណត់ពីវ័យកីឡាករ កីឡាការិនីឱ្យបានច្បាស់លាស់៕