ខេត្តកណ្តាល ៖ ក្រុមបាល់ទាត់ស្នងការនគរបាលខេត្តកណ្តាល ឈរលំដាប់លេខ២លើតារាងពូល “B” បន្ទាប់ពីក្រុមនេះបានយកឈ្នះក្រុមបាល់ទាត់កសិដ្ឋានផលិតពូជត្រី៧មករា ស្រុកស្អាងលទ្ធផលបច្ចេកទេស ៩ ទល់ ០ នៃព្រឹត្តិការណ៍ការប្រកួតកីឡា បាល់ទាត់ពានរង្វាន់ លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាល ខេត្តកណ្តាល ឆ្នាំ២០២២ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីលានកីឡដ្ឋាន ខេត្តស្ថិតក្នុងក្រុងតាខ្មៅ ។
ចំពោះពូល “B” ក្រុមបាល់ទាត់ស្នងការនគរបាលខេត្តកណ្តាល បានយកឈ្នះលើក្រុមបាល់ទាត់កសិដ្ឋាន ផលិតពូជត្រី៧មករាស្រុកស្អាងក្នុងលទ្ធផលបច្ចេកទេស ៩ ទល់ ០ សម្រាប់ជុំទី៣ ដូច្នេះក្រុមបាល់ទាត់ស្នងការ នគរបាលខេត្តកណ្តាល ឈរចំណាត់ថ្នាក់លេខ២ លើតារាងពូល ខណៈក្រុមបាល់ទាត់យុវជន ស្រុកកៀនស្វាយឈរកំពូលតារាង ក្រោយឈ្នះក្រុមបាល់ទាត់យុវជនស្រុកមុខកំពូល ក្នុងលទ្ធផលបច្ចេកទេស២ ទល់ ០។
សម្រាប់ក្រុមបាល់ទាត់ ស្នងការនគរបាលខេត្តកណ្តាល លេងបាន៣ប្រកួត ចាញ់១ ឈ្នះ២ ទទួលបាន៦ពិន្ទុ សល់គ្រាប់បាល់៨គ្រាប់ ក្រុមបាល់ទាត់យុវជនស្រុកកៀនស្វាយ ៣ប្រកួតឈ្នះទំាង៣ ទទួលបាន៩ពិន្ទុ សល់គ្រាប់បាល់៩គ្រាប់ ក្រុមបាល់ទាត់យុវជនស្រុកមុខកំពូល៣ប្រកួត ចាញ់១ ឈ្នះ២ ទទួលបាន៦ពិន្ទុ សល់គ្រាប់បាល់៤គ្រាប់ ក្រុមយុវជនស្រលាញ់សន្តិភាព ៣ប្រកួត ស្មើមួយ និងចាញ់២ ទទួលបាន១ពិន្ទុ និង៣ប្រកួត ចាញ់១ ឈ្នះ២ ទទួលបាន៦ពិន្ទុ សល់គ្រាប់បាល់៨គ្រាប់៤ប្រកួត ស្មើមួយ និងចាញ់២ ទទួលបាន១ពិន្ទុ។
ក្រោយពីទទួលជ័យជម្នះ លើក្រុមបាល់ទាត់កសិដ្ឋានផលិតពូជត្រី៧មករា ស្រុកស្អាងក្នុងលទ្ធផលបច្ចេកទេស ៩ ទល់ ០ លោកស្នងការខេត្តកណ្តាល ឈឿន សុចិត្ត បានឧបត្ថម្ភទឹកប្រាក់ចំនួន៤លាន ៥០ម៉ឺនរៀល ដល់ក្រុមបាល់ទាត់ស្នងការនគរបាលខេត្តកណ្តាល។
ការប្រកួតនេះគឺចាប់ផ្តើមពី ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ដោយមាន១៨ក្រុម និងបានបែងចែកចេញ ជា៤ពូលគឺ ពូលA ពូលB ពូលC ពូលD ក្នុង១ពូលមាន៤ក្រុម និង៥ក្រុម ។ ក្រុមចំណាត់ថ្នាក់លេខ១ទទួលបានពានចំនួន០១ទង់ចំណាត់ថ្នាក់លេខ១ ចំនួន មេដាយមាស ចំនួន៣០គ្រឿង ទឹកប្រាក់ចំនួន ១២ លានរៀល។ ក្រុមចំណាត់ថ្នាក់លេខ២ ទទួលបានទង់ចំណាត់ថ្នាក់លេខ២ ចំនួន០១ មេដាយប្រាក់ ចំនួន៣០គ្រឿង ទឹកប្រាក់ចំនួន ៨ លានរៀល។ ក្រុមចំណាត់ថ្នាក់លេខ៣ ទទួលបានទង់ចំណាត់ថ្នាក់លេខ៣ ចំនួន០១ មេដាយសំរិទ្ធ ចំនួន៣០គ្រឿង ទឹកប្រាក់ចំនួន ៦ លានរៀល។ ក្រុមចំណាត់ថ្នាក់លេខ៤ ទទួលបានប្រាក់លើកទឹកចិត្តចំនួន ៣ លានរៀល។
ដោយឡែកក្រុមមានវិន័យល្អ(ក្រុមFair Play) ទទួលបានពានចំនួន០១ ទង់Fair Play ចំនួន០១ និងទឹកប្រាក់ចំនួន ៣ លានរៀល។ កីឡាករទាត់ចូលទីបានច្រើនជាងគេ ទទួលបានទឹកប្រាក់ចំនួន ៥០ ម៉ឺនរៀល។ អ្នកចាំទីល្អជាងគេ ទទួលបានទឹកប្រាក់ចំនួន ៥០ ម៉ឺនរៀល។ ក្រុមអាជ្ញាកណ្តាលល្អ ទទួលបានមេដាយមាសចំនួន០៤ ទឹកប្រាក់ចំនួន ៥០ ម៉ឺនរៀល៕ ដោយ៖លី ភីលីព