កីឡា

ក្រុមបាល់ទាត់ TN កណ្តាល FC ទទួលបាន ៣ពិន្ទុ នៅថ្ងៃបើកឆាកដំបូង នៃពានរង្វាន់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល

ខេត្តកណ្តាល៖ ក្រុមបាល់ទាត់ TN កណ្តាល FC ទទួលបាន ៣ ពិន្ទុនៅថ្ងៃបើកឆាកដំបូង នៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ឆ្នាំ២០២២ នារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីលានកីឡដ្ឋានខេត្ត ស្ថិតក្នុងក្រុងតាខ្មៅ បន្ទាប់ពីក្រុមនេះ បានយកឈ្នះគូប្រកួត។

សម្រាប់ពូល “A” ក្រុមបាល់ទាត់ TN កណ្តាល FC ទទួលបាន ៣ ពិន្ទុក្រោយយកឈ្នះ លើក្រុមបាល់ទាត់យុវជន ស្រុកកណ្តាលស្ទឹងក្នុងលទ្ធផលបច្ចេកទេស ៥ទល់០ ដូច្នេះធ្វើឲ្យក្រុមបាល់ទាត់ TN កណ្តាល FC ឈរកំពូលតារាងបណ្តុះអាសន្ន។
ការប្រកួតនេះ គឺចាប់ផ្តើមពី ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ដោយមាន១៨ក្រុម និងបានបែងចែកចេញ ជា៤ពូលគឺ ពូលA ពូលB ពូលC ពូលD ក្នុង១ពូលមាន៤ក្រុម និង៥ក្រុម ។

ក្រុមចំណាត់ថ្នាក់លេខ១ ទទួលបានពានចំនួន០១ទង់ ចំណាត់ថ្នាក់លេខ១ មេដាយមាស ចំនួន៣០គ្រឿង ទឹកប្រាក់ចំនួន ១២ លានរៀល។ ក្រុមចំណាត់ថ្នាក់លេខ២ ទទួលបានទង់ចំណាត់ថ្នាក់លេខ២ ចំនួន០១ មេដាយប្រាក់ ចំនួន៣០គ្រឿង ទឹកប្រាក់ចំនួន ៨ លានរៀល។ ក្រុមចំណាត់ថ្នាក់លេខ៣ ទទួលបានទង់ចំណាត់ថ្នាក់លេខ៣ ចំនួន០១ មេដាយសំរិទ្ធ ចំនួន៣០គ្រឿង ទឹកប្រាក់ចំនួន ៦ លានរៀល។ ក្រុមចំណាត់ថ្នាក់លេខ៤ ទទួលបានប្រាក់លើកទឹកចិត្តចំនួន ៣ លានរៀល។

ដោយឡែកក្រុមមានវិន័យល្អ (ក្រុមFair Play) ទទួលបានពានចំនួន០១ ទង់Fair Play ចំនួន០១ និងទឹកប្រាក់ចំនួន ៣ លានរៀល។ កីឡាករទាត់ចូលទីបានច្រើនជាងគេ ទទួលបានទឹកប្រាក់ចំនួន ៥០ ម៉ឺនរៀល។ អ្នកចាំទីល្អជាងគេ ទទួលបានទឹកប្រាក់ចំនួន ៥០ ម៉ឺនរៀល។ ក្រុមអាជ្ញាកណ្តាលល្អ ទទួលបានមេដាយមាសចំនួន០៤ ទឹកប្រាក់ចំនួន ៥០ ម៉ឺនរៀល៕ ដោយ៖លី ភីលីព

Most Popular

To Top