កីឡា

Vettel របស់ F1 នឹងមិនចូលរួមប្រណាំង នៅប្រទេសរុស្ស៊ី បន្ទាប់ពីការវាយប្រហារ លើអ៊ុយក្រែន

ទីក្រុងឡុងដ៍៖ ម្ចាស់ជើងឯក Formula One ៤សម័យកាល Sebastian Vettel និយាយថា លោកនឹងមិនចូលរួមប្រណាំង នៃកម្មវិធី Grand Prix របស់រុស្ស៊ីក្នុងខែកញ្ញា បន្ទាប់ពីរុស្ស៊ីបានបើកការវាយប្រហារ យ៉ាងទូលំទូលាយលើអ៊ុយក្រែន កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដោយវាយលុកទីក្រុង និងមូលដ្ឋានដោយការវាយប្រហារ តាមអាកាស ឬការបាញ់ផ្លោង យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

បន្ទាប់ពីប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានប្រកាសថា លោកកំពុងបើកប្រតិបត្តិការយោធា រដ្ឋាភិបាលអ៊ុយក្រែន បាននិយាយថា រថក្រោះ និងទាហានរុស្ស៊ីបានរមៀល ឆ្លងកាត់ព្រំដែន។ លោក Vettel បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ នៅការធ្វើតេស្តិ៍ preseason នៅទីក្រុងបាសេឡូណាថា ខ្ញុំភ្ញាក់ផ្អើលពេលព្រឹកនេះ ខ្ញុំគិតថា វាគួរឲ្យរន្ធត់បានឃើញអ្វី ដែលកំពុងកើតឡើង។ ជាក់ស្តែង ប្រសិនបើអ្នកក្រឡេកមើលប្រតិទិន ពួកយើងមានការប្រណាំង បានគ្រោងទុក នៅប្រទេសរុស្ស៊ី (នៅថ្ងៃទី ២៥ ខែកញ្ញា)។

លោកបានថ្លែងថា គំនិតខ្ញុំផ្ទាល់គឺខ្ញុំមិនគួរទៅទេ ខ្ញុំមិនទៅទេ។ ខ្ញុំគិតថាការប្រណាំងក្នុងប្រទេសគឺខុស ខ្ញុំសូមអភ័យទោស ចំពោះប្រជាជនស្លូតត្រង់ ដែលបានបាត់បង់ជីវិត ដែលត្រូវបានគេសម្លាប់ ដោយហេតុផលឆោតល្ងង់ និងការដឹកនាំដ៏ចម្លែក និងឆ្កួតលីលា។ បុរសជនជាតិអាល្លឺម៉ង់អាយុ ៣៤ ឆ្នាំ ជាប្រធានសមាគមអ្នកបើកបរ Grand Prix ប៉ុន្តែនិយាយថា ពួកគេមិនទាន់បានពិភាក្សា អំពីបញ្ហានេះទេ។

អ្នកបើកបរ Aston Martin បាននិយាយថា ខ្ញុំប្រាកដថាវាជាអ្វី ដែលយើងនឹងនិយាយអំពី ប៉ុន្តែដោយផ្ទាល់ ខ្ញុំមានអារម្មណ៍តក់ស្លុត និងសោកស្តាយដែលបានឃើញអ្វី ដែលកំពុងកើតឡើង ដូច្នេះយើងនឹងឃើញ ដំណើរទៅមុខ ប៉ុន្តែខ្ញុំគិតថា ការសម្រេចចិត្តរបស់ខ្ញុំ ត្រូវបានធ្វើរួចហើយ៕ ដោយ៖លី ភីលីព

Most Popular

To Top