ខេត្តកណ្តាល៖ ក្រុមបាល់ទាត់យុវជនស្រុកមុខកំពូល និងក្រុមបាល់ទាត់យុវជនស្រុកល្វាឯម ឡើងវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីទំាង២ក្រុម យកឈ្នះលើគូប្រកួតរៀងៗខ្លួន បញ្ចប់ក្នុងពូលនៃព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ឆ្នាំ២០២២ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីលានកីឡដ្ឋានខេត្ត ស្ថិតក្នុងក្រុងតាខ្មៅ។
សម្រាប់ការប្រកួតជុំចុងក្រោយនេះ ពូល “B” ក្រុមបាល់ទាត់យុវជនស្រុកមុខកំពូល យកឈ្នះលើក្រុមបាល់ទាត់ស្នងការនគរបាលលទ្ធផលបច្ចេកទេស ៥ ទល់ ១ ដណ្តើមបានកៅអីវគ្គ៨ក្រុមចុងក្រោយ ចំណែកក្រុមបាល់ទាត់យុវជន ស្រុកលកៀនស្វាយឈរចំណាត់ថ្នាក់លេខ១លើតារាងពូល “B”។ ក្រុមបាល់ទាត់ស្នងការនគរបាល ក្រុមបាល់ទាត់ស្អាងយើងស្អាត និងក្រុមបាល់ទាត់យុវជនស្រលាញ់សន្តិភាពធ្លាក់ចេញ ពីការប្រកួតជាផ្លូវការ។
រីឯពូល “C” ក្រុមបាល់ទាត់យុវជនស្រុកល្វាឯមយកឈ្នះ លើក្រុមបាល់ទាត់កងរាជអាវុធហត្ថខេត្តកណ្តាល លទ្ធផលបច្ចេកទេស ១០ ទល់ ០ ឈរចំណាត់ថ្នាក់លេខ១ លើតារាងពូល “C” ក្រុមបាល់ទាត់មន្ទីរអប់រំ យុវជន និងកីឡាក៏បានយកឈ្នះ ក្រុមបាល់ទាត់យុវជនម៉ូតូតាខ្មៅលទ្ធផលបច្ចេកទេស ៥ ទល់០ ឈរចំណាត់ថ្នាក់លេខ២ ដូច្នេះក្រុមបាល់ទាត់ ក្រុមបាល់ទាត់កងរាជអាវុធហត្ថខេត្តកណ្តាល និងក្រុមបាល់ទាត់យុវជនម៉ូតូតាខ្មៅ ធ្លាក់ចេញពីការប្រកួតជាផ្លូវការ៕ ដោយ៖លី ភីលីព





