កីឡា

លោក ទិត ប៊ុនហឿន វាយតម្លៃខ្ពស់ ចំពោះវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាកាយវប្បកម្ម និងលំហាត់ប្រាណរយ:ពេល១ខែ

ភ្នំពេញ: លោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា ដែលជាសេនាធិការរបស់ក្រសួងអប់រំ យុវជន និងកីឡាបានវាយតម្លៃខ្ពស់ ចំពោះវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាកាយវប្បកម្ម និងលំហាត់ ប្រាណកម្រិតមូលដ្ឋាន ដែលបានដំណើរការពីថ្ងៃទី២៣ ខែមករារហូតដល់ថ្ងៃទី២៧  ខែកុម្ភៈ ឆ្នាំ២០២២ ដោយប្រើប្រាស់កញ្ចប់ថវិកា គាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា។

លោកអនុប្រធាននាយកដ្ឋាន ក៏បានកោតសរសើរចំពោះលោក តឹក ប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវបក្បកម្ម និងលំហាត់ប្រាណកម្ពុជា លោក លោកស្រី ជាគណៈកម្មាធិការប្រតិបត្តិ លោកគ្រូ កីឡាករ កីឡាការិនី និងលោកអគ្គលេខាធិការ សុខ វណ្ណៈ ដែលបានខិតខំយកអស់កម្លាំងកាយ កម្លាំងចិត្ត ស្មារតី សម្ភារ ថវិកា ដើម្បីដឹកនាំ គ្រប់គ្រង អភិវឌ្ឍប្រភេទកីឡាជំនាញនេះឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។

លោក ទុយ ប៊ុនហឿន បានលើកបង្ហាញទៀតថា កម្ពុជាមានសុខសន្តិភាពពេញលេញ ស្ថេរភាពនយោបាយ សេដ្ឋកិច្ចជាតិមានការរីកចម្រើន ដែលធ្វើឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ដោយសារក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន ហើយសម្តេចបានចាត់ទុកការងារអប់រំកាយ និងកីឡា កំពុងដើរតួនាទីយ៉ាងសំខាន់ និងជាយានក្នុងការអភិវឌ្ឍសង្គម ពីព្រោះ «កីឡាកសាងមនុស្ស មនុស្សកសាងសង្គម»។

ជាមួយគ្នានោះ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណែទម្រង់ស៊ីជម្រៅ លើវិស័យអប់រំកាយ និងកីឡា ដោយឈរលើមូលដ្ឋានយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ផែនការយុទ្ធសាស្ត្រ នៃការអភិវឌ្ឍ ជាតិឆ្នាំ២០១៩-២០២៣ និងដោយផ្អែកលើបរិបទនៃការរីកចម្រើនកីឡាជាតិ និងការរីកចម្រើននៅក្នុង តំបន់ ក៏ដូចជាអន្តរជាតិ ជាពិសេសការត្រៀមលក្ខណៈសម្បត្តិ សម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀប ចំប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នាពេលខាងមុខ។ ដើម្បីឱ្យការធ្វើកំណែទម្រង់នេះ ទទួលបានជោគជ័យ ក្រសួងអប់រំ យុវជន និងកីឡាសំណូមពរដល់សហព័ន្ធ ត្រូវខិតខំប្រឹងប្រែងរួមគ្នាសាមគ្គីគ្នាបន្ថែមទៀត ដោយយកអស់ស្មារតី កម្លាំងកាយ និងលទ្ធភាពបំពេញភារកិច្ច ទៅតាមតួនាទីរៀងៗខ្លួន ដោយការទទួលខុសត្រូវខ្ពស់ ក្រោមពាក្យស្លោក រួមគ្នាគិត រួមគ្នាធ្វើ ធ្វើដំណើដោយស្វាហាប់ ដើម្បីកម្ពុជាឆ្ពោះ ទៅជោគជ័យការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

លោក តឹក ប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវបក្បកម្ម និងលំហាត់ប្រាណកម្ពុជាគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលកីឡាកាយវប្បកម្មថ្នាក់ជាតិកម្រិតមូលដ្ឋាន ឆ្នាំ២០២២នេះត្រូវបានធ្វើឡើង ស្របតាមកម្មវិធីប្រតិបត្តិប្រចាំឆ្នាំ២០២២ របស់សហព័ន្ធ ដោយមានសិក្ខាកាមចូលរួមសរុប៣០នាក់ ក្នងនោះមាននារី៤នាក់ មកពីបណ្តាក្លឹបជាសមាជិក។ វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣-២៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្នាក់ការសហព័ន្ធ កីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា នៅលើផ្សារសំណង់១២ រាជធានីភ្នំពេញ។ ឆ្លងតាមការសិក្សាអស់រយៈពេល៣៥ថ្ងៃ ដោយមានការខិតខំប្រឹងប្រែង ការយកចិត្តទុកដាក់ការគោរ ព ពេលវេលាប្រកបដោយភាពទទួលខុសត្រូវគណៈគ្រប់គ្រង វគ្គទទួលបាននូវលទ្ធផល គឺនិទ្ទេសល្អណាស់ ៨នាក់ និទ្ទេសល្អ១៧នាក់ និទ្ទេសមធ្យម ៥នាក់។

លោកបានបន្តថា  វគ្គបណ្តុះបណ្តាលគ្រូកីឡាកាយវប្បកម្មថ្នាក់ជាតិ កម្រិតមូលដ្ឋាននាពេលនេះ ពិតជាមានសារៈសំខាន់ ក្នុងការពង្រឹងនិងពង្រីកនូវធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍វិស័យកីឡាកាយវប្បកម្ម នៅព្រះរាជាណាចក្រកម្ពុជា ឱ្យទទួលបាននូវលទ្ធផលល្អ ក្នុងការប្រកួតថ្នាក់ជាតិ ក៏ដូចលើឆាកអន្តរជាតិ នាពេលខាងមុខជាបន្តបន្តាប់៕ ដោយ:លី ភីលីព

Most Popular

To Top