កីឡា

កីឡាកាយវប្បកម្មកម្ពុជា ជាប្រភេទកីឡា មានសក្តានុពល អាចដណ្តើមមេដាយមាស ជូនជាតិនៅ SEA GAMES ២០២១ នៅវៀតណាម

ភ្នំពេញ ៖ គ្រូបង្វឹក និងកីឡាករកាយវប្បកម្ម របស់សហព័ន្ធកីឡា កាយ វប្បកម្មកម្ពុជា ចំនួន៥នាក់ បានចូលរួមហ្វឹកហាត់ ជាមួយក្រុមជម្រើសជាតិ២០២១ កម្ពុជា ពេញសិទ្ធិជាផ្លូវការដើម្បីទៅប្រកួតព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES នៅចុងឆ្នាំ២០២១ នៅប្រទេសវៀតណាម និង ការប្រកួតកីឡា SEA GAMES២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

លោក សុខ វណ្ណៈ អគ្គលេខាធិការ នៃសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា បានប្រាប់តាមសារអេឡិចត្រូនិថា ឆ្នាំនេះលោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា តាមរយៈលោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងលោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា បានឯកភាពដាក់បញ្ជូលក្រុមកីឡាកាយវប្បកម្ម ក្នុងក្រុមជម្រើសជាតិ២០២១ ត្រៀម ចូលរួមការប្រកួតកីឡា SEA GAMES ២០២១ នៅប្រទេសវៀតណាម ។

លោកបានបន្តថា សម្រាប់គ្រូបង្វឹក និងកីឡាករជម្រើសជាតិឆ្នាំនេះ ចំនួន៥នាក់រួមមានលោកគ្រូ្ងវឹក ចាប វ៉ាននី កីឡាករ កែវ សំណាង កីឡាករ ទ្រីង ចាន់ អ៊ុន បូរ៉ាត់ កីឡាករ អ៊ុត សុធា ហើយស្ថិតក្នុងការបិទខ្ទប់នេះ ពួកគេធ្វើការហ្វឹកហាត់យ៉ាងសកម្ម នៅទីលានហ្វឹកហាត់មួយកន្លែង លើផ្សារសំណង់១២ ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេស មុនចេញទៅ SEA GAMES ២០២១ នៅប្រទេសវៀតណាមតាមគោលការណ៍ណែនាំ របស់ថ្នាក់ដឹក និងចូលរួមអនុវត្ត តាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល និងវិធានរបស់ក្រសួងសុខាភិបាល ទាំងអស់គ្នា ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិក (NOCC) និងអគ្គលេខាធិការ CAMSOCបានមាន ប្រសាសន៍ថា កីឡាកាយវប្បកម្មជាប្រភេទកីឡា មានសក្តានុពលបំផុត អាចមានសមត្ថភាព ដណ្តើមមេដាយមាស ជូនសម្រាប់កម្ពុជា នៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES ២០២១ នៅប្រទេសវៀតណាម និង SEA GAMES ២០២៣នៅកម្ពុជា ។

លោកអគ្គលេខាធិការបានបន្តថា កីឡាកាយវប្បកម្ម រាល់ការចេញ ទៅចូលរួមប្រកួតលើឆាកអន្តរជាតិ តែងតែងឈ្នះមេដាយមាសរហូត។ ចំណែកកីឡាកាយវប្បកម្ម សម្រាប់ការ ប្រកួត SEA GAMES ២០២១ ប្រហែលជាអាចដណ្តើម បានមេដាយមាស២គ្រឿង ដូច្នេះលោកបានឲ្យអគ្គលេខាធិការ នៃ សហព័ន្ធកីឡាកាយវប្បកម្មធ្វើការប្រមូលកីឡាករជើងខ្លាំងត្រៀមហ្វឹកហាត់ឡើងវិញ។

បញ្ជាក់៖ការប្រកួតជើងឯក អាស៊ីអគ្នេយ៍ សរុប១០គ្រឿងក្នុងនោះ មេដាយមាស៥គ្រឿង មេដាយប្រាក់៣គ្រឿង និងមេដាយសំរិទ្ធ២គ្រឿង និងការប្រកួតជើងឯកពិភពលោក សរុប៤គ្រឿងក្នុងនោះ មេដាយមាស១គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ២គ្រឿង៕

Most Popular

To Top