អ្នកចាំទី Edouard Mendy បានបង្ហាញអារម្មណ៍សោកស្ដាយជាខ្លាំង បន្ទាប់ពីឃើញមិត្តរួមក្រុម Kepa Arrizabalaga ទាត់ប៉េណាល់ទី មិនចូលក្នុងវគ្គផ្ដាច់ព្រ័ត្រ League Cup ទល់នឹង Liverpool។
Mendy វ័យ២៩ឆ្នាំត្រូវបានប្ដូរចេញ ពេលបញ្ចប់ម៉ោងបន្ថែម ដោយលោក Thomas Tuchel សម្រេចឲ្យ Kepa ជាអ្នកចូលចាប់បាល់ប៉េណាល់ទី។ ជារឿងភ្ញាក់ផ្អើល Kepa មិនបានសង្គ្រោះមួយបាល់សោះ ក្នុងចំណោមការទាត់១១ដងរបស់ Liverpool។
សម្រាប់ប្រកួតនេះ Liverpool បានដាក់អ្នកចាំទីដៃទីពីរ Caoimhin Kelleher ឲ្យចូលលេង។ ខណៈការទាត់ដល់គ្រាប់ទី១១ដូចគ្នា សម្រាប់ក្រុមទាំងពីរ Kelleher បានទាត់បញ្ចូលទីបានសម្រេច តែ Kepa បានទាត់មួយទំហឹងរំលងរបាទី ធ្វើឲ្យ Chelsea ចាញ់ Liverpool លទ្ធផល ១០-១១។
ជ័យជម្នះបានជួយឲ្យ Liverpool វ៉ា Manchester City ក្លាយជាក្រុមឈ្នះពាន League Cup ច្រើនជាងគេ ដល់ទៅ៩ដង និងរងជើងឯក៤ដង៕