រជ្ជកាល របស់សេដ្ឋីរុស្សី Roman Abramovich នៅក្លឹប Chelsea កាន់តែខិតជិតដល់ទីបញ្ចប់ បន្ទាប់ពីលោកបានប្រកាសលក់ ក្លឹបកាលពីពាក់កណ្ដាលសប្ដាហ៍នេះ ។
Abramovice សម្រេចចង់លក់ក្លឹប របស់ខ្លួនចោល ដោយសារតែទទួលសម្ពាធទណ្ឌកម្ម របស់ប្រទេសអង់គ្លេស ដូច្នេះលោកមិនចង់បាត់ បង់ក្លឹបទទេៗឡើយ ។ សម្រាប់ប្រាក់ចំណេញ ពីការលក់ក្លឹបបុរសវ័យ៥៥ឆ្នាំ សន្យានឹងយកទៅជួយជនរងគ្រោះ នៅប្រទេស អ៊ុយក្រែន ទាំងអស់ ។
Abramovich មានបំណងចង់លក់ក្លឹប Chelsea ក្នុងតម្លៃ៣ពាន់លានដុល្លារ ។ សេដ្ឋីស្វីស Hansjorg Wyss និងសេដ្ឋីអាមេរិក Todd Boehly ជាបេក្ខភាពព្យាយាមតាមទិញ Chelsea ប៉ុន្តែពួកគេចង់បានតម្លៃក្រោម ត្រឹម២ពាន់លានដុល្លារប៉ុណ្ណោះ។
មកទល់ពេលនេះ Abramovich កាន់កាប់ក្លឹបមានមូលដ្ឋាន ក្នុងទីក្រុងឡុងដ៏រយៈពេល១៩ឆ្នាំមកហើយ ដោយបានចំណាយលុយ ទិញកីឡាករល្បីៗជាច្រើនរូប។ ខាងក្រោមជាខ្ទង់ចំណាយលើកីឡាករ និងកំណត់ត្រាមួយចំនួនរបស់ Abramovich នៅក្នុងក្លឹប ៖
ចំណាយ២ពាន់លានផោនទិញកីឡាករចូល
Chelsea បានចំណាយលុយដ៏ច្រើន ២ពាន់លានផោនលើការទិញ កីឡាករចូលក្នុងរជ្ជកាលរបស់ Abramovich ។ Romelu Lukaku គឺជាកីឡាករដែលមានតម្លៃខ្លួនទិញចូលខ្ពស់ ជាងគេ៩៨លានផោន ផ្ទេរពីក្លឹប Inter Milan។
លក់កីឡាករចេញបាន១,១៦ពាន់លានផោន
ក្រៅពីការចំណាយទិញកីឡាករ អស់លុយពាន់លានផោន Chelsea ក៏លក់កីឡាករចេញបាន ក្នុងកម្រិតខ្ពស់ផងដែរ។ Eden Hazard ជាកីឡាករដែលតោខៀវលក់បានថ្លៃជាងគេ៩៨លានផោន ទៅកាន់ក្លឹប Real Madrdid ។
ប្រើប្រាស់អ្នកចាត់ការ១៣នាក់ផ្សេងគ្នា
ដោយសារតែ Chelsea ជាក្លឹបចាយលុយធំ ក្រោមការគ្រប់គ្រងរបស់ Abramovich ដូច្នេះពួកគេត្រូវការគ្រូល្អៗ និងដឹកនាំឲ្យមានប្រសិទ្ធភាព។ ព្រោះតែកត្តានេះហើយ សម្រាប់អ្នកចាត់ការណា ដែលដឹកនាំក្រុមមិនល្អឬ មិនបានពានកៅអី របស់ពួកគេនឹងក្ដៅភ្លាម ។
ក្រោមរជ្ជកាលរបស់ Abramovich ក្លឹប Chelsea ឈ្នះពានចំនួន២១គ្រឿង
Premier League ៥ដង
FA Cup ៥ដង
League Cup ៣ដង
Champions League ២ដង
Europa League ២ដង
Community Shield ២ដង
UEFA Super Cup ១ដង
FIFA Club World Cup ១ដង៕