កីឡា

លោក សុខ សប្បាយណា៖ ការប្រកួតប្រជែងជាប្រចាំ ជាការវាស់ស្ទង់កម្រិតសមត្ថភាព និងដកស្រង់បទពិសោធន៍ដៃគូរ

ភ្នំពេញ៖ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធកីឡា ប៊ូល និងប៉េតង់កម្ពុជា តំណាងលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ចូលរួមជាអធិបតីក្នុង ពិធីបិទការប្រកួតកីឡាប៊ូល និងប៉េតង់ ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

លោក ប៊ូ ជុំសេរីបានមានប្រសាសន៍ថា ការប្រកួតជំរុញវិស័យកីឡាប៊ូល និងប៉េតង់ឲ្យកាន់តែទទួលបានភាពរីកចម្រើន និងការអភិវឌ្ឍទូទាំងប្រទេស ត្រៀមខ្លួនទទួលជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ប្រកួត SEA GAMES លើកទី៣២ ឆ្នាំ២០២៣ នាពេលខាងមុខ។
សូមវាយតម្លៃខ្ពស់ចំពោះ គណៈកម្មការរៀបចំការប្រកួត ដែលជាចំណែកយ៉ាងសំខាន់ ធ្វើឲ្យការប្រកួតរយៈពេល ៣ថ្ងៃនេះ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ស្របតាមបទបញ្ជាបច្ចេកទេស ត្រឹមត្រូវ និងយុត្តិធម៌។

លោក សុខ សប្បាយណា អគ្គលេខាធិការសហព័ន្ធកីឡាប៊ូល និងប៉េតង់ បានបង្ហាញថា ការប្រកួតនេះគឺមានវិសាលភាព នៃការចូលរួមការប្រកួតពីសម្ព័ន្ធ ក្លិប ទូទាំងប្រទេស ដោយតាមរយៈដំណើរការប្រកួតចម្រុះ តាមបណ្តាតំបន់ទាំង ៥ យើងទទួលបានការចូលរួមពី ១៥ សម្ព័ន្ធ ក្លិប ស្មើនឹង ២៤៨នាក់ បើទោះបីជាស្ថិតក្នុងស្ថានភាព នៃការរីករាលដាលជំងឺកូវីដ-១៩ ដែលនេះបានបង្ហាញពីវឌ្ឍនភាព ដ៏ល្អប្រសើររបស់វិស័យកីឡាប៊ូល និងប៉េតង់ទូទាំងប្រទេស។ ដូចយើងដឹងហើយថា ការហ្វឹកហាត់ប្រកបដោយគុណភាព និងបច្ចេកទេស គឺតម្រូវឱ្យមានការប្រកួតប្រជែងជាប្រចាំ ដើម្បីជាការវាស់ស្ទង់កម្រិតសមត្ថភាព ព្រមទាំងអាចដកស្រង់បទពិសោធន៍ ពីដៃគូរប្រកួតខ្លួន ដើម្បីអាចបន្តដុសខាត់សមត្ថភាពខ្លួនឯង សម្រាប់ការប្រកួតនាពេលបន្តបន្ទាប់។

លោកបានបន្តថា ការប្រកួតប្រជែង គឺពុំអាចមានអ្នកទទួលបាន ជ័យលាភីទាំងអស់គ្នានោះទេ ដូចនេះសូមកុំឲ្យមានភាពរើសអើង ចំពោះកីឡាករ កីឡាការិនី ដែលទទួលបានជ័យលាភី ឬពុំទទួលបានជ័យលាភី ដោយនេះបានបង្ហាញ ពីភាពមិនគោរពដល់“ស្មារតីកីឡា”។ តែផ្ទុយទៅវិញត្រូវផ្តល់ការសាទរ និងកោតសរសើរចំពោះអ្នកទទួលបានជ័យលាភី ដែលមានសមត្ថភាពខ្ពស់ រីឯអ្នកដែលពុំទទួលបានជ័យលាភីនោះ គឺពុំត្រូវអស់សង្ឃឹម និងបាក់ទឹកចិត្តនោះទេ ក៏ប៉ុន្តែត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ទាំងក្នុងទីលានហ្វឹកហាត់ និងទីលានប្រកួត នាឱកាសក្រោយៗបន្ថែមទៀត ដើម្បីឈានឆ្ពោះទៅជាកីឡាករ កីឡាការិនីអាជីពនាពេលខាងមុខ៕​​​​ ដោយ៖លី ភីលីព

Most Popular

To Top