កីឡា

Eko Roni ថា ​នឹង​បញ្ចប់​ចាន់ រតនា​ ត្រឹម​ពាក់​កណ្ដាល​ផ្លូវ

អ្នក​លេង​គុន​ចម្រុះ​កម្ពុជា ចាន់ រតនា និង Eko Roni Saputra នឹង​ជួប​គ្នា ​ក្នុង​ព្រឹត្តិការណ៍​ផ្សាយ​ផ្ទាល់ ONE: LIGHT OUT នាថ្ងៃ​សុក្រ ទី​១១ ខែ​មីនា​នេះនៅ​ប្រទេស​សិង្ហបុរី ។ ជំនួប​នេះ​ពិត​ជា​សំខាន់​ណាស់​ សម្រាប់​អ្នក​ទាំង​ពីរ។

មុន​ជំនួប​ចូល​មក​ដល់ ជើង​ខ្លាំង​ឥណ្ឌូណេស៊ី បាន​ផ្តល់​បទ​សម្ភាស​ផ្តាច់​មុខ ​ជា​មួយ​ក្រុម​ការងារ ONE ប្រចាំ​ប្រទេស​កម្ពុជា ។ សំដី​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​ថា រូប​គេមិន​ខ្លាច​ជំនាញ​វ៉ៃ ​ឈរ​របស់ ចាន់ រតនា ឡើយ ប៉ុន្តែ​រូប​គេ​នឹង​ប្រើ​ជំនាញ​ចំបាប់ ​ដើម្បី​បញ្ឈប់​ជើង​ខ្លាំង​កម្ពុជា ​រូប​នេះ​ពាក់​កណ្តាល​ផ្លូវ។

ខាង​ក្រោម​ជា​បទ​សម្ភាសផ្តាច់​មុខ បទ​សម្ភាស​ផ្តាច់​មុខ​ជា​មួយ Eko Roni Saputra។

ONE. តើ​ Eko Roni Saputra យល់​ឃើញ​យ៉ាង​ណា​ ចំពោះ​ដៃ​គូ​កម្ពុជា​ម្នាក់​នេះ ​យ៉ាង​ណា​ដែរ? Eko Roni ៖ ខ្ញុំ​​​ជឿ​ជាក់​ថា ចាន់ រតនា ជា​ដៃ​គូ​តឹង​តែង​ខ្លាំង​បំផុត​ក្នុង​អាជីព​ប្រដាល់​ គុន​ចម្រុះ​របស់​ខ្ញុំ ។

ONE. ប្រសិន​ទទួល​បាន​ជ័យជម្នះ​លើ រនតា តើ​មាន​សារៈ​សំខាន់​​យ៉ាង​ណា ​សម្រាប់ Roni? Eko Roni ៖ ពិត​ជា​សំខាន់​ណាស់ ពី​ព្រោះ​បើ​ខ្ញុំ​ទទួល​បាន​ជ័យជម្នះ ខ្ញុំ​​ចង់​​ឡើង​ទៅ​កាន់​ក្នុង​ចំណោម​កីឡាករ​កំពូល​ខ្លាំង​ទាំង​៥​រូប​ នៃ​ប្រភេទ​ទម្ងន់ flyweight ។ ខ្ញុំ​រក្សា​ជ័យជម្នះ​របស់​ខ្ញុំ​បន្ត​ទៀត ហើយ​ជឿ​ថា ពីរ​ប្រកួត រាប់​ទាំង​ ការ​ប្រកួត​ជា​មួយ រតនា​ ផង ខ្ញុំ​នឹង​ឡើង​ទៅ​កាន់​កំពូល​តារាង​ទាំង​៥​រូប ។

ONE. តើ​ការ​ប្រកួត​នេះ​អាច​និយាយ​បាន​ថា ជា​ការ​សង​សឹក​ ឲ្យ​មិត្ត​រួម​ជាតិ​២ ​ដែល​ចាញ់​ រតនា កាល​ពី​ឆ្នាំ​២០១៨ និង​២០១៩​ទេ? Eko Roni ៖ ​ខ្ញុំ​ដឹង​ថា កីឡាករ​ឥណ្ឌូណេស៊ី​២​រូប​បាន​ចាញ់ ចាន់ រតនា ប៉ុន្តែ​ការ​ប្រកួត​នេះ​មិន​មែន​ជា​ការ​សង​សឹក​ទេ។ វា​ជា​ការ​ប្រកួត​រវាង​ខ្ញុំ​ និង​ ចាន់ រតនា ប៉ុណ្ណោះ។

ONE. តើ Eko Roni យល់​ឃើញ​យ៉ាង​ណា​ដែរ​ចំពោះ​ជំនាញ​វ៉ៃ​ឈរ ​គឺ​គុន​ខ្មែរ របស់ ចាន់ រតនា? Eko Roni ៖ ខ្ញុំ​ពិត​ជា​កោត​សរសើរ ​ចំពោះ​ជំនាញ និង​ភាព​ជោគជ័យ​ក្នុង​ប្រដាល់​គុន​ខ្មែរ​របស់​គាត់ ប៉ុន្តែ​​ខ្ញុំ​ជឿ​ថា រតនា នឹង​មិន​អាច​ទល់​ទល់​បាន​ជា​មួយ​ជំនាញ ​ចំបាប់​របស់​ខ្ញុំ​ទេ។

ONE.រហូត​ដល់​ពេល​នេះ Eko Roni បាន​សិក្សា​ស្វែង​យល់​យ៉ាង​ហើយ ​ចំពោះ​ដៃ​គូគុន​ខ្មែរ​ម្នាក់​នេះ? Eko Roni ៖ ពិត​ណាស់ ខ្ញុំ​បាន​សិក្សា​ស្វែង​យល់​ច្រើន​​តាម​រយៈ​វីដេអូ​ប្រកួត​របស់​​ចាន់ រតនា ជា​ពិសេស​ការ​ប្រកួត​ ចុង​ក្រោយ​​ចាញ់​កីឡាករ​ចិន Xie Wei។ យ៉ាង​ណា ខ្ញុំមិន​អាច​មើល​ស្រាល​ គាត់​បាន​ទេ ពី​ព្រោះ​គាត់​ខាន​ប្រកួត​យូរ ហើយ​សមត្ថភាព​ របស់​គាត់​នឹង​រីក​ចម្រើន​ច្រើន ។

ONE. តើ Roni គិត​ថា ​នឹង​យក​ឈ្នះ ចាន់ រតនា ដោយ​របៀប​ណា? Eko Roni ៖ ខ្ញុំ​មិន​ភ័យ​ខ្លាច​ក្បាច់​វ៉ៃឈរ​របស់​ រតនា ជា​ពិសេស កណ្តាប់​ដៃ​ និង​ទាត់​ទេ ប៉ុន្តែ​គោល​បំណង​ខ្ញុំ ​នឹង​បញ្ឈប់​គាត់​ពាក់​កណ្តាលផ្លូវ មិន​ថាឃ្លេ​ឲ្យ​ចុះ​ចាញ់ ឬ​ ក៏​​ផ្តួល​​ឲ្យ​សន្លប់​នោះ​ទេ៕

Most Popular

To Top