លោក Roman Abramovich ម្ចាស់ក្លឹប Chelsea ដែលជាមនុស្សជំនិតមួយរូប របស់ប្រធានាធិបតីរុស្ស៊ី ត្រូវបានរដ្ឋាភិបាលអង់គ្លេសសម្រេចធ្វើការដាក់ទណ្ឌកម្ម នៅក្នុងថ្ងៃនេះ ដោយបង្កកទ្រព្យសម្បត្តិរបស់លោកទាំងអស់របស់ និងបង្កកការចរាចរណ៍លុយនៅក្នុងប្រទេសមួយនេះ ព្រមទាំងហាមឃាត់ការធ្វើដំណើរ មកកាន់អង់គ្លេសនេះថែមទៀតផង។
ការដាក់ទណ្ឌកម្មមួយនេះ បានធ្វើឲ្យខូចដល់ដំណើរការ នៃគម្រោងលក់ក្លឹបរបស់លោក Roman មួយវិញទៀតទណ្ឌកម្មបានធ្វើឲ្យ Chelsea ត្រូវដាក់ដំណើរការក្រោមលក្ខខណ្ឌពិសេសចាប់ពីថ្ងៃនេះតទៅ។
ទណ្ឌកម្មនេះបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ក្រុមតោខៀវនេះ ដោយខាងក្រោមនេះជាអ្វីដែល Chelsea អាចធ្វើបាន និងមិនអាចធ្វើបានចាប់ពីថ្ងៃនេះទៅ៖
អ្វីដែល Chelsea អាចធ្វើបាន៖
- បន្តការប្រកួតជាធម្មតា ដោយមានខ្ទង់ចំណាយ មានកំណត់ក្នុងការរៀបចំ ក៏ដូចជាចូលរួមប្រកួត
- បន្តបើកប្រាក់ខែបុគ្គលិករបស់ខ្លួនទាំងអស់ រាប់បញ្ចូលទាំងកីឡាករ គ្រូ មន្ត្រីក្លឹបទាំងអស់
- ទទួលចំណូលពីក្រុមហ៊ុនចាក់ផ្សាយប្រកួត
- អាចឲ្យអ្នកគាំទ្រដែលបានទិញសំបុត្រ ចូលមើលការប្រកួត មុនថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ បន្តចូលមើលការប្រកួតជាធម្មតា
អ្វីដែល Chelsea មិនអាចធ្វើបាន៖
- ធ្វើកុងត្រាថ្មីជាមួយកីឡាករ ទិញកីឡាករថ្មី ធ្វើកុងត្រាថ្មីជាមួយដៃគូរនានា
- មិនអាចលក់សំបុត្រចូលទស្សនា ប្រកួតបានទៀតនោះទេចាប់ពីថ្ងៃនេះ
- ហាងលក់ទំនិញ សម្ភារៈផ្សេងរបស់ក្លឹបនេះ ក៏មិនអាចបើកដំណើរបានទៀតនោះដែរ
- មិនអាចលក់ក្លឹបនេះបានទេ (លក់បានក្នុងករណី Abramovich ឲ្យ រដ្ឋាភិបាលអង់គ្លេសជាអ្នកចាត់ចែង ហើយលោកនឹងមិនទទួលប្រាក់ពីការលក់នេះនោះទេ)៕ Source: Sabay