កីឡា

មន្ទីអប់រំយុវជន និងកីឡា ខេត្តកណ្តាល រៀបចំការប្រកួតកីឡា ជើងឯកកីឡាប៉េតង់វ័យចាស់ និងយុវជនថ្នាក់ខេត្ត កណ្តាលជាផ្លូវការ

ខេត្តកណ្តា៖ព្រឹត្តិការណ៍ការប្រកួតកីឡាប៉េតង់វ័យចាស់ និងយុវជនជ្រើសរសើជើងឯកថ្នាក់ខេត្តកណ្តាលដែលប្រព្រឹត្តិចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីចម្រាញ់រកកីឡាករមានសមត្ថភាពតំណាងឲ្យខេត្តកណ្តាលទៅចូលរួមការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិនានាក្រោយការរៀបចំពីមន្ទីអប់រំយុវជន និងកីឡា ខេត្តកណ្តាលដែលជាផែនការប្រចាំឆ្នាំរបស់ការិយាល័យអប់រំយុវជន និងកីឡា។

លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំយុវជន និងកីឡាខេត្តកណ្តាលបាននិយាយថា ការប្រកួតជ្រើសជើងឯកថ្នាក់ខេត្តនេះដោយមានការចង្អុល បង្ហាញពីលោកអភិបាលខេត្តដើម្បីធ្វើការជ្រើសរើស កីឡាករជើងខ្លាំងទៅចូលរួមប្រកួតថ្នាក់ជាតិនានារៀបចំដោយសហព័ន្ធកីឡាប៉េតង់ និងប៊ូលកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសការប្រកួតកីឡាជាតិលើកទី៣នឹងឈានទៅដណ្តើមជ័យជំនះជូនខេត្ត។ ការប្រកួតពានថ្នាក់ខេត្តឆ្នាំនេះមានក្រុមចំនួន១៦ក្រុមចូលរួម តែយ៉ាងណា លោកនៅតែជឿជាក់ថា នឹងជ្រើសបានកីឡាករល្អ ចេញពីការប្រកួតថ្នាក់ខេត្តនេះ។

លោកបានបន្តថា ការប្រកួតប៉េតង់ជ្រើសរើសជើងឯកថ្នាក់ខេត្តកណ្តាលមាន៤វិញ្ញាសា គឺវិញ្ញាសា២ទល់២យុវជន និងវ័យចាស់ និងវិញ្ញាសា៣ទល់៣យុវជន និងវ័យចាស់ ។ សម្រាប់ក្រុមយុវជនចូលរួមចំនួន៨ក្រុម និងក្រុមកីឡាករវ័យចាស់ចំនួនន ៨ក្រុម។ សម្រាប់ក្រុមយុវជនមានក្រុមកីឡាប៉េតង់សេរីភាព១ ក្រុមកីឡាប៉េតង់សេរីភាព២ ក្រុមកីឡាប៉េតង់កំពង់សំណាញ់១ ក្រុមកីឡាប៉េតង់កំពង់សំណាញ់២ ក្រុមកីឡាប៉េតង់វិទ្យាល័យតាខ្មៅ១ ក្រុមកីឡាប៉េតង់វិទ្យាល័យតាខ្មៅ២ ក្រុមកីឡាប៉េតង់សុវណ្ណភូមិ និងក្រុមកីឡាប៉េតង់ភូមិតាខ្មៅខេត្តកណ្តាល។

ចំណែកក្រុមកីឡាករវ័យចាស់ចំនួនន៨ក្រុមរួមមានក្រុមកីឡាប៉េតង់កំពង់សំណាញ់១ ក្រុមកីឡាប៉េតង់កំពង់សំណាញ់២ ក្រុមកីឡាប៉េតង់ខេត្តកណ្តាល១ ក្រុមកីឡាប៉េតង់ខេត្តកណ្តាល២ ក្រុមកីឡាប៉េតង់តាខ្មៅ ក្រុមកីឡាប៉េតង់វែសលែនដ៏ ក្រុមកីឡាប៉េតង់តាខ្មៅខេត្តកណ្តាល និងក្រុមកីឡាប៉េតង់មន្ទីអប់រំយុវជន និងកីឡា ខេត្តកណ្តាល៕ដោយ៖លី ភីលីព

Most Popular

To Top