ភ្នំពេញ៖ដើម្បីចូលរួមអបអរសាទរដល់ទិវាសិទ្ធិនារីអន្តរជាតិ អង្គការផ្កាយសមុទ្រកម្ពុជាបានផ្តល់ឱកាសដល់កីឡាការិនីចំនួន៤២០នាក់មកពីខេត្តចំនួន ៨ដើម្បីចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ការប្រកួតបាល់ទាត់កុមារីដែលធ្វើឡើងនៅទីលានបាល់ទាត់អង្គការផ្កាយសមុទ្រកម្ពុជានៅថ្ងៃ ទី១២ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ ។
ក្នុងឳកាសពិធីបើកជាផ្លូវការដោយមានការអញ្ជើញចូលរួមពីសំណាក់លោក Erik Lorenz ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការកម្មវិធីបាល់ទាត់នៃអង្គការផ្កាយសមុទ្រកម្ពុជា លោកស្រី ពុធ ធីតា ប្រធានក្លិបបាល់ទាត់បឹងកេត ជាគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងអនុប្រធានគណៈកម្មការរៀបចំការប្រកួតបាល់ទាត់នារី និងលោកស្រី ជួប វិច្ឆិកា ជាប្រធានគ្រប់គ្រងប្រចាំប្រទេសរបស់អង្គការផ្កាយសមុទ្រកម្ពុជា។
ចាប់តាំងពីឆ្នាំ២០០៦មក អង្គការផ្កាយសមុទ្រកម្ពុជាបានជួយលើកកម្ពស់សមភាពយេនឌ័រ ដោយ លើកទឹកចិត្តឲ្យស្រ្តីចូលរួមក្នុងវិស័យបាល់ទាត់ ដោយហេតុថា ឱកាសក្នុងការលេងបាល់ទាត់សម្រាប់ កុមារីក្រីក្រនៅកម្ពុជាស្ទើរតែមិនមាន ព្រមជាមួយនឹងផ្នត់គំនិតមិនសមហេតុផល ដែលថាស្ត្រីបង្វិល ជើងក្រានមិនជុំ ។ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់ភាពស្មើគ្នារវាងបុរស និង ស្រ្តី អង្គការផ្កាយសមុទ្រកម្ពុជាមានក្តីសោមនស្សរីករាយក្រៃលែងក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួត បាល់ទាត់កុមារីលើកទី១២ ដោយមានវត្តមានចូលរួមរបស់កីឡាការនីមកពីខេត្តចំនួន ៨ នៅទូទាំង ប្រទេស ។
លោកស្រី ជួប វិច្ឆិកា ជាប្រធានគ្រប់គ្រងប្រចាំប្រទេសរបស់អង្គការផ្កាយសមុទ្រកម្ពុជាបានសម្តែង ចំណាប់អារម្មណ៍ថា ការប្រកួតបាល់ទាត់កុមារីនេះគឺជាការប្រកួតដ៏ធំជាងគេមួយក្នុងប្រទេសកម្ពុជា ហើយក៏ជាមោទនភាពដ៏ធំរបស់ពួកយើងផងដែរ ក្នុងការបង្ហាញពីភាពខ្លាំងរបស់ស្ត្រីក្នុងវិស័យកីឡា ។ នៅអង្គការផ្កាយសមុទ្រកម្ពុជា យើងផ្តោតលើការលើកកម្ពស់សិទ្ធិស្ត្រី និងជម្រុញឲ្យពួកគេក្លាយជាអ្នក ដឹកនាំនៅក្នុងសហគមន៍របស់ខ្លួន ។
លោកស្រីបានបន្តថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារីមានក្រុមចំនួន ៣៥ ចូលរួមប្រកួតរួមមានក្រុមកុមារីអាយុក្រោម ១០ឆ្នាំចមណួន១ក្រុម ក្រុមកុមារីអាយុក្រោម ១៤ ឆ្នាំ ចំនួន ១៨ ក្រុមចែកចេញជា៣ពូល និងក្រុមកុមារីអាយុក្រោម ១៨ឆ្នាំចំនួន១២ក្រុមចែកចេញជា២ពូល ៕ដោយ៖លី ភីលីព





