ភ្នំពេញ : ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ (ទីក្រុង Amman, ប្រទេស Jordan) ៖ លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា តំណាងប្រទេសកម្ពុជា បានចូលរួមមហាសន្និបាត វិសាមញ្ញ និងបោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិ សហព័ន្ធប្រដាល់ សកលអាស៊ី អាណត្តិថ្មី ឆ្នាំ២០២២-២០២៦ ដែលបានប្រព្រឹត្តនាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ នៅទីក្រុង Amman ប្រទេស Jordan ដែលមានប្រទេស សមាជិកចូលរួមចំនួន ៣០ ប្រទេសនៃទ្វីបអាស៊ី ។

ក្នុងឱកាសនោះផងដែរ លោក ប៊ុយ សុភ័ណ្ឌ ក៏បានឈរឈ្មោះ ជាបេក្ខភាពសមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិ និងត្រូវបានអង្គមហាសន្និបាត បោះឆ្នោតជ្រើសតាំង ជាសមាជិកគណៈកម្មាធិការប្រតិបត្តិ អាណត្តិឆ្នាំ២០២២-២០២៦ ។ នេះជាប្រវត្តិសាស្រ្តថ្មី សម្រាប់ប្រដាល់សកលកម្ពុជា ដែលមានសមាសភាព ថ្នាក់ដឹកនាំសហព័ន្ធចូលរួមជាសមាជិក គណៈកម្មាធិការប្រតិបត្តិ នៃសហព័ន្ធប្រដាល់សកល អាស៊ីជាលើកដំបូង ។
សមិទ្ធផលធំៗចំនួន ៣ ដែលលោកអគ្គលេខាធិការរូបនេះ ទទួលបានពីការចូលរួមមហាសន្និបាត វិសាមញ្ញសហព័ន្ធប្រដាល់សកលអាស៊ី រួមមាន៖
១. ជាប់ឆ្នោតជាសមាជិក គណៈកម្មាធិការប្រតិបត្តិ នៃសហព័ន្ធកីឡាប្រដាល់ សកលអាស៊ី អាណត្តិ២០២២-២០២៤ និងមានសិទ្ធិពេញលេញ ក្នុងការធ្វើសេចក្តីសម្រេចចិត្ត របស់សហព័ន្ធប្រដាល់សកលអាស៊ី ។
២. ទទួលបានការគាំទ្រ ពីសមាគមកីឡាប្រដាល់សកលថៃ ក្នុងការរ៉ាប់ការចំណាយសំបុត្រ យន្តហោះ ហូបចុក និងស្នាក់នៅ សម្រាប់ក្រុមជម្រើសជាតិ ប្រដាល់សកលកម្ពុជា ៣រូប និងគ្រូបង្វឹក ១រូប ចូលរួមបោះជំរុំហ្វឹកហាត់ និងប្រកួត Thailand Open 2022 ចាប់ពីថ្ងៃទី២៦ ខែមីនា ដល់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ នៅខេត្ត Phuket ប្រទេសថៃ ដើម្បីពង្រឹងបច្ចេកទេសក្រុមជម្រើសជាតិត្រៀមស៊ីហ្គេម ឆ្នាំ២០២២ នៅវៀតណាម ។
៣. សហព័ន្ធប្រដាល់សកល អាស៊ីបានឧបត្ថម្ភសម្ភារហ្វឹកហាត់ ដល់សហព័ន្ធប្រដាល់សកលកម្ពុជា តាមការស្នើសុំរបស់ភាគីកម្ពុជា ៕

