កណ្តាល៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ក្នុងពិធីបិទ ការបកួតកីឡាបាល់ទាត់ពានរង្វាន់ “ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ឆ្នាំ២០២២ នៅកីឡដ្ឋានក្រុងតាខ្មៅខេត្តកណ្តាល រសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២នេះថា ការប្រកួតនឹងត្រូវរៀបចំឡើង ជារៀងរាល់ឆ្នាំឲ្យស្រប ទៅតាមទិសស្លោក “ប្រជាជនមួយនាក់ ត្រូវមានកីឡាមួយប្រភេទ” សំដៅពង្រឹងសុខភាព សាមគ្គីភាព និងអភិវឌ្ឍន៍ស័យកីឡា ក្នុងខេត្តកណ្តាលឲ្យកាន់តែ រីកចម្រើនជាលំដាប់។

លោកអភិបាលបានបន្តថា បច្ចុប្បន្ននេះ រដ្ឋបាលខេត្តកណ្តាលបាននឹងកំពុង យកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការពង្រឹងគុណភាព នៃការរៀបចំការប្រកួតទៅតាម ស្តង់ដារកម្រិតខ្ពស់ មានមិនថានៅថ្នាក់ខេត្ត ឬនៅតាមបណ្តាក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្តឡើយ ដើម្បីផ្តល់ឱកាសទៅដល់យុជន ក្នុងខេត្តបានចូលរួមលេងកីឡាបាល់ទាត់ ប្រកបដោយសមត្ថភាព ត្រឹមត្រូវតាមទម្រង់ និងរូបមន្តប្រកួតលក្ខណៈខ្នាតអន្តរជាតិ។

លោកបានបន្ថែមទៀតថា កីឡាគឺពិតជាមានសារសំខាន់ណាស់ សម្រាប់មនុស្សគ្រប់រូប កីឡាគឺមិនត្រឹមតែបានផ្ដល់ឲ្យយើង នូវសុខភាពល្អមានសាមគ្គីភាព និងមិត្តភាពប៉ុណ្ណោះទេ ក៏ប៉ុន្តែកីឡាក៏បានផ្តល់ឱកាសទៅដល់យុវជន បំពេញនូវក្តីប្រាថ្នា ព្រមទាំងបានបញ្ចេញនូវសមត្ថភាព និងផ្តល់នូវភាពសប្បាយរីករាយ ជាចំណីចក្ខុ ដល់អ្នកចូលរួមទស្សនា និងអ្នកគាំទ្រ ជាមួយនឹងស្នាមញញឹម សំឡេងងហោរកញ្ជ្រាវ បានផ្តល់នូវទំនាក់ទំនងជា សារវន្តដែលមិនអាចខ្វះបាន នៅតាមបណ្តាក្រុង-ស្រុក-ខេត្ត ពិសេសគឺបានជំរុញឲ្យប្រជាពលរដ្ឋ ចេះស្រលាញ់កីឡាកាន់តែខ្លាំងឡើង និងច្រើនឡើង។

លោក ធុល នាង ប្រធានគណៈកម្មការរៀបចំ ការប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់លោក គង់ សោភ័ណ្ឌ ឆ្នាំ២០២២ និងជាប្រធានមន្ទីរការងារខេត្តបានជម្រាបថា សម្រាប់លទ្ធផលការប្រកួតចំណាត់ថ្នាក់លេខ១ បានទៅ ក្រុមកីឡាបាល់ទាត់ ធី អិន កណ្ដាល អេហ្វស៊ី ដោយទទួលបានពាន១ ទង់ចំណាត់ថ្នាក់លេខ១ ចំនួន១ មេដាយមាសចំនួន៣០ និងថវិការចំនូន ១២លានរៀល ។ ចំណាត់ថ្នាក់លេខ២ បានទៅ ក្រុមកីឡាបាល់ទាត់យុវជនស្រុកមុខកំពូល ទទួលបានទង់ចំណាត់ថ្នាក់លេខ២ ចំនួន១ មេដាយប្រាក់ចំនួន ៣០ និងថវិការចំនួន ៨លានរៀល។

ចំណែកចំណាត់ថ្នាក់លេខ៣ បានទៅលើ ក្រុមកីឡាបាល់ទាត់យុវជនស្រុកល្វាឯម ដោយទទួលបានទង់ចំណាត់ថ្នាក់លេខ៣ ចំនួន១ មេដាយសំរិទ្ធចំនួន ៣០ និងថវិការចំនួន ៦លានរៀល និងចំណាត់ថ្នាក់លេខ៤ (TopFour) បានទៅ ក្រុមកីឡាបាល់ទាត់ យុវជនស្រុកខ្សាច់កណ្តាល ដោយទទួលបានថវិការលើកទឹកចិត្តចំនួន ៣លានរៀល។ ក្រុមកីឡាបាល់ទាត់យុវជនស្រុកល្វាឯមទទួលបានពានក្រុមមានវិន័យល្អ (Fair-Play) ដោយទទួលបានថវិការលើកទឹកចិត្តចំនួន ៣លានរៀល ។

កីឡាករទាត់បញ្ចូលទី ច្រើនជាងគេទទួលបាន ពាន ១ បានទៅលើកីឡាករ ឈ្មោះ អ៊ឹម សុផានិត្យ ពាក់លេខ១០ មកពីក្រុមកីឡាបាល់ទាត់ យុវជនស្រុកខ្សាច់កណ្តាល ដោយទទួលបានថវិកា លើកទឹកចិត្តចំនួន ៥០ម៉ឺនរៀល និងអ្នកចាំទីបានល្អ បានទៅលើកីឡាករឈ្មោះ នួន វាសនា ពាក់លេខ១ មកពីក្រុមកីឡាបាល់ទាត់ ធី អិន ភណ្តាល អេហ្វស៊ី ដោយទទួលបានពាន១ និងទទួលបានថវិការលើកទឹកចិត្តចំនួន ៥០ម៉ឺនរៀល៕
