ក្រុមអ្នកគាំទ្រ PSG បានស្រែករិះគន់ទៅលើកីឡាករ Lionel Messi និង Neymar ជាខ្លាំងនៅយប់មិញក្នុងកីឡដ្ឋានខ្លួនឯងលេងទល់ក្រុម Bordeaux បើទោះជាឈ្នះដល់ ៣-០ ក៏ដោយ។

ការរិះគន់ខាងលើនេះកើតឡើង បន្ទាប់ពីក្រុមអ្នកគាំទ្រ មិនពេញចិត្តដែល PSG ធ្លាក់ពីពានរង្វាន់ UEFA Champions League ក្រោមថ្វីជើងរបស់ Real Madrid កាលពីសប្ដាហ៍មុន។ ខណៈដែលតាមលទ្ធផល នៃការប្រកួត គឺសមតែបានឡើងហើយ តែផ្ទុយទៅវិញ ធ្លាក់ដោយសាតែ Karim Benzema ស៊ុតហែកទ្រីកបាន។ ជាមួយគ្នានោះ Messi និង Neymar ដែលចូលលេងដែរនោះ មិនអាចធ្វើអ្វីចេញសោះ។
កត្ដានេះហើយ ទើបធ្វើឱ្យក្រុមអ្នកគាំទ្រ មិនពេញចិត្តជាមួយទម្រង់លេង របស់កីឡាករ២នាក់ខាងលើនោះទេ ។ ដោយរដូវកាលនេះ ពួកគេរំពឹងថាវត្តមានរបស់ Messi នឹងជួយក្លឹបបានច្រើន ជាងរដូវកាលមុនមិនខាន ។ តែជាក់ស្ដែង អ្វីគ្រប់យ៉ាងមិនដូចការគិតឡើយ ទើបធ្វើឱ្យក្រុមអ្នកគាំទ្រ នៅយប់មិញស្រែករិះគន់តែម្ដង ឱ្យតែកីឡាករ Messi និង Neymar បានប៉ះបាល់ ៕

